មន្រ្តីកាកបាទក្រហមឃុំចំបក់ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ ចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ មន្រ្តីប្រតិបត្តិសាខា សហការជាមួយក្រុមកាកបាទឃុំចំបក់ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ ១៦ ខែ កញ្ញា ឆ្នាំ២០២១នេះ​ ចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ ការពារ ៣កុំ ២ចូលរួម ក្រោមការឧបត្ថម្ភថវិកា ដោយសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) និងបានបញ្ជ្រាបការ ផ្សព្វផ្សាយនូវអនុក្រឹត្យថ្មីស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋក្នុង ភូមិទួលច្រេស ភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ។

ការផ្សព្វផ្សាយនេះ ក្រុមការងារបានចុះសាកសួរពីភាពតានតឹងផ្លូវចិត្ត និងសំណួរត្រឡប់ពីសហគមន៍ សុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩។ ក្រុមការងារបានចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសហគមន៍ជាក្រុមតូច(តិចជាង ១០ នាក់ ក្នុង១ ក្រុម )មានអ្នកចូលរួមសរុប ៤១ នាក់ ស្រ្តី ២៧ នាក់។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានចែកខិត្តប័ណ្ណអប់រំជំងឺកូវីដ-១៩ សាប៊ូលាងដៃ ម៉ាស់ តាមតូបលក់ដូរ និងចាក់សារសម្លងអប់រំ ជូនដល់ បងប្អូន ប្រជាពលរដ្ឋឱ្យបានទូលំទូលាយស្តីពីការអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធី «រស់នៅធម្មតា តាមបែបគន្លងថ្មី » ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print