ខេត្តកំពង់ធំ,នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំជាមួយ លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្ត ជាប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះជួយបណ្តាស្រុក និងជាសមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា មណ្ឌលខេត្តកំពង់ធំ ដោយមាន លោក តំណាងគណៈអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំចូលរួមផងដែរ ។ កិច្ចប្រជុំបានរៀបចំនៅគេហដ្ឋានលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ និងបញ្ជាក់ជូនអំពីការត្រួតពិនិត្យការងារ និងការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដូចជាការងារចំពោះមុខគឺការឃោសនាជាដើមដែលមាន ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ជាប្រធានគណៈកម្មការឃោសនា និងសោតទស្សន៍ ចំណុះគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ។
លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ ផ្តល់អនុសាសន៍ដឹកនាំសំខាន់ៗសម្រាប់ ឯកឧត្តម លោកជំទាវ យកទៅអនុវត្តបន្តដើម្បីសម្រេចឲ្យបានទៅតាមការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សគឺរក្សា និងបង្កើនប្រៀបឈ្នះឈានទៅទទួលបានជ័យជម្នះធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខដែលជាស្ពានចម្លងទៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៧ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត ៕
ដោយ, សិលា