ខេត្តកណ្តាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងសោកសៅមួយបានកើតឡើង នៅលើស្ពានអ្នកលឿងតែម្តងបណ្តាលឲ្យបីនាក់ឪពុក និងកូនប្រុស កូនស្រី ស្លាប់យ៉ាងអាណោចអាធ័ម ។ អ្នកបើកបររថយន្តក្រោយបង្កគ្រោះថ្នាក់បុកម៉ូតូរួច បានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទី រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅស្ពានអ្នកលឿង ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ សមត្ថកិច្ចស្រុកលើកដែកនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ។
សមត្ថកិច្ចស្រុកលើកដែកបានបញ្ជាក់ថា ករណីនេះបណ្តាលឲ្យស្លាប់មនុស្សមនុស្ស3នាក់ ប្រុស2នាក់ ស្រី1នាក់ ។ ម៉ូតូម៉ាកហុងដាសេ125ពណ៌ខ្មៅពាក់ស្លាកលេខភ្នពេញ1FN 0787 សេរី2016 ទិសដៅពីភ្នំពេញទៅស្វាយរៀង ។ រីឯភាគីខាងរថយន្ត ម៉ាក VEN ZA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R 1119 ទិសដៅពីព្រៃវែងទៅភ្នំពេញ (អ្នកបើកបររត់គេចខ្លួនបាត់) ។
នៅមុនពេលកើតហេតុ ភាគីខាងម៉ូតូបើកបរមកដល់ចំណុចកើតហេតុ បានវ៉ារថយន្តកុងទីន័រ ស្របពេលនោះក៏បានទៅបុករថយន្តម៉ាក VEN ZA បណ្តាលអោយស្លាប់មនុស្ស03នាក់ 1នាក់ដេកស្លាប់លើកស្ពាន ចំណែក 2នាក់ទៀត បានខ្ទាត់ទៅទើរលើចន្លោះក្បាលរថយន្តសណ្តោងកុងទីន័រ ដែលបើកស្របទិសគ្នាជាមួយម៉ូតូហើយរថយន្តកុងទីន័របើកទៅចតឈប់ពីកន្លែងកើតហេតុចំងាយប្រហែលមួយរយម៉ែត្រ ។
ប្រភពបន្តថា សមត្ថកិច្ចបានវាស់វែងកន្លែងកើតហេតុ ហើយដឹកយកទៅតំកល់ទុកនៅវត្តគីរីរតនារាម ហៅវត្តកំពង់ភ្នំក្នុង រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកមធ្យោបាយទាំង3គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ហើយជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាមនិតិវិធី ៕
ដោយ៖ ស្អាងជ័យ