ខេត្តពោធិ៍សាត់៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងអាវុធហត្ថស្រុក ខេត្តឆ្មក់បង្រ្កាបកន្លែងអាគកជល់គ្នារឹបអូសបានសត្វមាន់ ម្ចាស់មាន់និងមធ្យោបាយម្ចាស់មាន់ធ្វើដំណើរជាច្រើនគ្រឿងផងដែរ។
ប្រតិបត្តិការសមត្ថកិច្ចឆ្មក់ឱកាសបង្រ្កាបកន្លែងអាគកជល់គ្នាភ្នាល់ដាក់លុយខាងលើប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិប៉ែន ស្ថិតក្នុងភូមិរហាទិល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងបានចុះអនុវត្តបានបង្ហើបឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើលទ្ធផលទទួលបានជាផ្លែជាផ្កា ដោយរឹបអូសវត្ថុតាងនិងសម្ភារមួយចំនួនធំរួមមាន៖ អាគកចំនួន២ក្បាល ម្ចាស់អាគកចំនួន ៧នាក់ និងមធ្យោបាយម្ចាស់អាគកធ្វើដំណើរម៉ូតូចំនួន ៥គ្រឿង រថយន្តចំនួន ៦គ្រឿង។ ប្រភពបន្តថាការឆ្មក់បង្រ្កាបកន្លែងអាគកជល់គ្នាភ្នាល់ដាក់លុយខាងលើ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានផ្ដល់ពត៌មានមកថាមានក្រុមអ្នកញៀនល្បែងជល់មាន់ភ្នាល់ដាក់លុយច្រើនៗណាស់ ហើយនៅពេលជល់ចាញ់ឬឈ្នះ១គូរៗពួកគេហ៊ោកញ្រ្ជៀវបង្កការរំខានដល់អ្នកជិតខាងយ៉ាងសម្បើមផងដែរ ហើយល្បែងប្រភេទនេះក៍វានាំការក្តៅក្រហាយដល់ក្រុមគ្រួសារផងដែរ ម្យ៉ាងទៀតវាអាចកើតអំពើចោរកម្មដូចជា ឆក់ លួច ប្លន់ជាដើម។
ប្រភពបន្តទៀតថា ពាក់ព័ន្ធករណីឆ្មក់បង្ក្រាបកន្លែងលួចយកអាគកមកជល់គ្នាភ្នាល់ដាក់លុយខាងលើ កម្លាំងសមត្តកិច្ចបានធ្វើការណែនាំអបរំ ដោយមានកិច្ចសន្យាលាយល័ក្ខជាអក្សត្រឹមត្រូវបន្ទាប់ពីសុំការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ដោយឡែកកន្លែងទីតាំងហាមដាច់ខាតមិនឲ្យកើតមានបន្តទៀតឡើយ ។
ករណីល្បែងស៊ីសងខាងលើ បើយោងតាមច្បាប់ត្រង់មាត្រា ៤ ជនណាលេងល្បែងស៊ីសង ជននោះត្រូវពិន័យជាប្រាក់ពី ១០០០០រៀល ទៅ ៥០០០០រៀល ឬដាក់ពន្ធនាគាពី ១សប្ដាហ៍ ទៅ ១ខែ ក្នុងករណីមិនរាងចាល ត្រូវពិន័យជាប្រាក់ពី ៥០០០០រៀល ទៅ ៥០០០០០រៀល និងដាក់ពន្ធនាពី ១ខែ ទៅ ១ឆ្នាំ ៕
ដោយ៖ ប៉ឹម ពិន