អភិបាលខេត្តតាកែវ៖ ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា ត្រូវចេះស្រឡាញ់​ និងអភិរក្សធនធានធម្មជាតិ​ព្រៃឈើ​ សម្រាប់មនុស្សជាតិគ្រប់ជំនាន់

ចែករំលែក៖

ខេត្ត​តាកែវ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ខាន់ សុខា អភិបាលរងខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមដាំកូនឈើទាល នៅសួនច្បារសម្ដេចវិបុលបញ្ញា សុខអាន ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ​។

ក្នុងឱកាសដាំកូនឈើនេះដែរ លោក អ៊ូច ភា អភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តតាកែវ ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា ត្រូវចេះស្រឡាញ់​ និងអភិរក្សធនធានធម្មជាតិ​ព្រៃឈើ​ សម្រាប់មនុស្សជាតិគ្រប់ជំនាន់។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានណែនាំដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចូលរួមដាំកូនឈើឱ្យបានបន្ថែមទៀត ដើម្បីបង្កើតបរិស្ថានបៃតងក្នុងក្រុងដូនកែវ សម្រាប់ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត។

ដោយឡែកបើតាមការបញ្ជាក់ពី លោក ស៊ឹម ឡាប៉័ង នាយខណ្ឌរដ្ឋបាលព្រៃតាកែវ បានឱ្យដឹងថា កន្លងមកមន្រ្តីជំនាញនាយខណ្ឌរដ្ឋបាលព្រៃឈើ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន តែងតែចុះដាំដុះកូនឈើ ជាច្រើនប្រភេទនៅតាមដងផ្លូវ និងសួនច្បារមួយចំនួនក្នុងក្រុងដូនកែវ ដើម្បីជួយកែលម្អសោភណភាពទីក្រុងឱ្យក្លាយជាទីក្រុងមានពណ៌បៃតង ដើមឈើ គឺមានសារៈប្រយោជន៍យ៉ាងច្រើនទៅលើផ្នែកបរិស្ថាន ជួយកាត់បន្ថយជាតិពុល ដែលកើតចេញពីយានយន្តនានា ដែលបាននឹងកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print