ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះច្នៃពីទូកុងតឺន័រដ៏ធំ ដែលស្ថិតនៅជាប់ផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានទូរស័ព្ទហៅកម្លាំងសមត្ថកិច្ចខាងពន្លត់អគ្គិភ័យចេញរថយន្តមកជួយបាញ់ពន្លត់កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុកគ្រឹះ ។
តាមសម្ដីបុរសជាម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឱ្យដឹងថា នៅយប់ថ្ងៃកេីតហេតុ រូបគាត់និងប្រពន្ធកូន បានសម្រាកក្នុងផ្ទះដូចសព្វដង ។ ក្រោយមកស្រាប់តែមានផ្សែងហុយពីខាងក្រៅផ្ទះ រួចគាត់ក៏ចេញមកមេីលស្រាប់តែឃើញភ្លេីងឆាបឆេះសម្ភារមួយចំនួន ទេីបគាត់ស្ទុះទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ចំនួន៣បំពង់តែមិនរលត់ ក៏ទាក់ទងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយហៅសមត្ថកិច្ចខាងរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង និងមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៀតរបស់ក្រុមហ៊ុនបុរីប៉េងហួតចេញមកជួយបាញ់ទឹកពន្លត់ដែរ តែក្នុងករណីអគ្គិភ័យនេះអាជ្ញាធរមូលដ្ឋានខណ្ឌចំការមនបានប្រេីពេលតែកន្លះម៉ោង និងប្រេីប្រាស់ទឹកតែ១ឡានប៉ុណ្ណោះភ្លើងក៏រលត់ទៅវិញជាស្ថាពរ ដោយមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឱ្យដឹងទៀតថា មូលហេតុនៃការឆាបឆេះនោះគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហេីយបានបាត់បង់សម្ភារមានតម្លៃជាច្រេីន សរុបជាទឹកប្រាក់ជិត១មុឺនដុល្លារ ៕
ដោយ៖ ភារ៉ា ដង្កោ