ភ្នំពេញ៖ បេក្ខភាពប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២១ បានប្រកាសជាផ្លូវការហើយក្នុងនោះបេក្ខភាពវ័យក្មេងស្រស់សោភាម្នាក់ឈ្មោះ រតនៈ ដួងដាវ ត្រូវបានគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់តារាសម្តែង និងបង្ហាញម៉ូដកញ្ញា តេង ម៉ូ។
ថ្មីៗនេះកញ្ញា តេង ម៉ូ ទើបនឹងបង្ហាញមុខក្នុងការសម្តែងភាពយន្តបែបជីវិតរបស់ផលិតកម្មសាស្ត្រា ហើយវិលមកលើកនេះថែមទាំងជំរុញឲ្យប្អូនស្រីប្រឡូកក្នុងអាជីពសិល្បៈផ្នែកសម្តែង និងបង្ហាញម៉ូដប៉ុណ្ណោះទេ។ ក្នុងនេះដែរ នាងថែមទាំងជួយលើកទឹកចិត្តប្អូនស្រីឲ្យប្រកួតក្នុងកម្មវិធីសម្រស់ធំមួយគឺកញ្ញាឯកចក្រវាឡកម្ពុជា២០២១ថែមទទៀតផង។ តេង ម៉ូលេចមុខជាថ្មីលើការសម្តែងក្នុងភាពយន្តបែបជីវិតរបស់ផលិតកម្មសាស្ត្រាហ្វៀមកាលពីដើមឆ្នាំ ២០២១នេះគឺរឿង”បើព្រះអាទិត្យនៅតែរះ” និងរឿង”បើអូនមិនមែនកូនអ្នកមាន”។ វិលមករកសម្តែងជាថ្មីនៅពេលនេះស្រាប់តែនាងបណ្តើរទាំងប្អូនស្រីដ៏ស្រស់សោភា និងក្មេងវ័យម្នាក់មកចូលប្រឡូកក្នុងអាជីពសិល្បៈផងដែរ ក្នុងនោះអ្វីដែលគេចាប់អារម្មណ៍គឺគេបានលេចមុខប្អូនស្រីរបស់នាងត្រូវបានប្រកាសជាបេក្ខភាពប្រកួតក្នុងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២១នេះ។
តារាស្រីរូបនេះបញ្ជាក់ថា ប្អូនស្រីនាងកញ្ញា រតនៈ ដួងដាវ ត្រូវបានជ្រើសរើសជាប់ជាបេក្ខភាពចូលរួមប្រកួតហើយដែលការប្រកួតនឹងចាប់ផ្តើមនៅអំឡុងខែតុលាឆ្នាំ២០២១នេះ។ កញ្ញាលើកឡើងដែរថាដោយសារប្អូនស្រីមានចិត្តស្រលាញ់ទើបនាងសម្រេចជំរុញលើកទឹកចិត្ត និងជួយណែនាំលើការងារសិល្បៈមួយចំនួន ហើយប្អូនស្រីនាងក៏បានចូលរួមសម្តែង និងថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មខ្លះៗ និងការហ្វឹងហាត់ផ្នែកដើរបង្ហាញម៉ូតផងដែរ។ តារាស្រីរូបនេះបញ្ជាក់ថា ប្អូនស្រីនាងមានវ័យ១៨ឆ្នាំ កម្ពស់១,៧០ម៉ែត្រ សិក្សាថ្នាក់ទី១២នៃវិទ្យាល័យពន្លកខ្មែរ ក្រុងប៉ោយប៉ែត ហើយនាងអាចនិយាយទាំងភាសាអង់គ្លេស និងភាសាថៃបាន។ នាងថាប្អូននាងក៏មានដុងសិល្បៈ និងរូបសម្រស់ស្រស់សោភា កម្ពស់ក៏សាកសមទៅនឹងការចូលរួមប្រកួតនេះទើបនាងសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួត ហើយសម្រាប់ក្តីរំពឹងយ៉ាងណានាងនៅមិនទាន់ហ៊ានបញ្ជាក់នោះដែរ។ នាងថាពេលនេះប្អូនស្រីនាងកញ្ញាដួងដាវ បាននិងកំពុងទាំងធ្វើការហ្វឹកហាត់ទាំងការដើរបង្ហាញម៉ូត ឆ្លើយសំណួរ ស្វែងយល់បន្ថែមពីវិស័យកញ្ញាឯក និងសិក្សាបន្ថែមជំនាញសិល្បៈមួយចំនួនផងដែរ ដើម្បីបង្កើនទំនុកចិត្តក្នុងកម្មវិធីប្រកួតមួយនេះ។ នាងរំពឹងដែរថាតាមរយៈ ការព្យាយាមនេះប្អូនស្រីនាងនឹងទទួលបាន បទពិសោធន៍ជីវិតថ្មី ពិសេសលើការងារជាសិល្បករនេះតែម្តង៕
ដោយ៖ វឌ្ឍនា