ដើម្បីបង្កើនល្បឿនក្នុងការចាក់វ៉ាក់សាំង វៀតណាមអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងផលិតដោយប្រទេសគុយបា

ចែករំលែក៖

គិតមកទល់ពេលនេះវៀតណាម បានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង៣៣លានដូសហើយ ។ ក្នុងថ្ងៃទី១៨ខែកញ្ញា វៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៥សែនដូសក្នុងមួយថ្ងៃ។ ចំណែកពលរដ្ឋដែលបានចាក់គ្រប់ចំនួនពីរ
ដូសមានជិត៦លាននាក់ ក្រៅពីនេះគឺចាក់បានមួយដូស ។
ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំង វៀតណាមបានឱ្យដឹងថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសគុយបាឈ្មោះថា «អាប់ដាឡា (Abdala)» ខណៈដែលប្រទេសអាស៊ានមួយនេះ កំពុងបន្តប្រយុទ្ធតទល់ជាមួយ រលកឆ្លងរាតត្បាតដ៏អាក្រក់។
រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា វ៉ាក់សាំង Abdala ត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយផ្អែកទៅលើ តម្រូវការចាំបាច់របស់ប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19។ កាលពីខែសីហាកន្លងទៅ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា គុយបានឹងផ្គត់ផ្គង់វ៉ាក់សាំង Abdala ក្នុងចំនួនច្រើនឲ្យវៀតណាម ហើយផ្ទេរបច្ចេកវិទ្យាផលិតនៅមុនដាច់ឆ្នាំ២០២១នេះ។
វ៉ាក់សាំងគុយបា Abdala គឺជាវ៉ាក់សាំងទី៨ហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅវៀតណាម ដែលជាប្រទេសមានអត្រាចាក់វ៉ាក់សាំង COVID-19 ដ៏ទាបបំផុតមួយនៅក្នុងតំបន់។ មកទល់ពេលនេះ ក្នុងចំណោមប្រជាជនវៀតណាមសរុបជិត១០០លាននាក់ គឺត្រឹមតែជាង៦ភាគរយប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ រីឯករណីឆ្លងសរុបនៅវៀតណាមវិញ គឺបានកើនដល់ ៦៦៧,៦៥០នាក់ និងស្លាប់១៦,៦៣៧នាក់។
គួរបញ្ជាក់ថា វ៉ាក់សាំង Abdala គឺជាវ៉ាក់សាំងប្រភេទចាក់៣ដូស។ បើតាមការអះអាងរបស់គុយបា កាលពីខែមិថុនា ឆ្នាំ២០២១បានបញ្ជាក់ថា វ៉ាក់សាំងABdala វាមានប្រសិទ្ធភាព៩២.២៨ភាគរយ ក្នុងលទ្ធផលនៃការធ្វើតេស្តដំណាក់កាលចុងក្រោយ៕ដោយ៖ធីរីណា

...

រូបថត៖GEBC.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print