ខេត្តកណ្តាល, ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនម្ចាស់គណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ បានផ្ញើសាររាយការណ៍ក្នុងប្រអបសារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា មានការជុំគ្នានិងច្រៀងនៅបុរីពិភពថ្មី២ ផ្លូវលេខ៥ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះរួច ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្នរហ័សខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះពិនិត្យកន្លែងដែលបានរាយការណ៍។
ជាលទ្ធផល៖
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង ២០និង៥៦នាទី លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅបានចុះទៅដល់ផ្ទះរបស់ឈ្មោះ នន់ ស្រីទូច ភេទស្រី អាយុ៣២ឆ្នាំ និងបានឃើញមានប្រជាពលរដ្ឋចំនួន៥នាក់កំពុងហូបចុកលក្ខណះគ្រួសារ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅបានធ្វើការអប់រំណែនាំ បញ្ឈប់ការជួបជុំហូបចុកបន្តទៀត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ និងត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕
ដោយ, សិលា