ខេត្តមណ្ឌលគិរី÷ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយលោក អនុប្រធានស.ស.យ.កខេត្ត និងប្រធាន អនុប្រធានស.ស.យ.កស្រុកកែវសីមា បានចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.កស្រុក-ឃុំ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារពីអាយុ ៦ឆ្នាំ ដល់១២ ឆ្នាំ នៅស្រុកកែវសីមា។
លោក ឈឹម កាន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខសមាជិក សមាជិកា និងប្រជាពលរដ្ឋទូទៅ។
លោកប្រធានស.ស.យ.កខេត្ត បានកោតសរសើរដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការជួយសម្របសម្រួល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាលជួរមុខ ដើម្បីធ្វើឲ្យការងារចាក់វ៉ាក់សាំងដំណើការទៅដោយរលូន មានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ ។
លោក ឈឹម កាន បានណែនាំដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ត្រូវយកចិត្តទុកដាក់បំពេញបែបបទឲ្យបានត្រឹមត្រូវ ឆាប់រហ័ស រៀបចំសណ្ដាប់ធ្នាប់ ទីកន្លែង រក្សាគម្លាត និងត្រូវថែរក្សាសុខភាព សុវត្ថិភាពខ្លួន ព្រមទាំងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល។
លោក ឈឹម កាន ក៏បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ សូមអញ្ជើញនាំកូនដែលមានអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងពេលវេលាដែលអាជ្ញាធរបានកំណត់ ដើម្បីការពារកូនៗពីការឆ្លងជំងឺកូវីដ-១៩ និងជាពិសេសដើម្បីជំរុញឲ្យកុមារតូចៗ បានចូលសាលារៀនឡើងវិញ។
នាឱកាសនោះ លោក ឈឹម កាន បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.កស្រុក មានដូចជា÷ ម៉ាស ចំនួន២០ប្រអប់ អាល់កុល ៣០លីត្រ ទឹកសុទ្ធហាយតិច ៥កេស ទឹកសុទ្ធដបតូច ១០យួរ ទឹកក្រូច ១,៥លីត្រ ៨យួរ បដាផ្សព្វផ្សាយជំងឺកូវីដ-១៩ ចំនួន ៦ផ្ទាំង និងថវិកា ២លានរៀល៕
ដោយ៖ សូរិយា