ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា លោកស្រី ហេង សុខគង់ ភរិយាលោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាតក្រហមកម្ពុជា ខណ្ឌដូនពេញ និងជាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកស្រី នូ ថាវរី អភិបាលរង ខណ្ឌដូនពេញ នៅព្រឹកថ្ងៃចន្ទ១៤កើត ខែ ភទ្របទឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍របស់កាកបាតក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះចំនួន ០៤គ្រួសារ ក្នុងភូមិ ៣ សង្កាត់ស្រះចក ស្ថិតនៅក្នុងខណ្ឌដូនពេញ ។
សូមជម្រាបថា កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១៩ ខែកញ្ញាយប់មិញនេះ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី៣១ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញផ្ទះអស់ទាំងស្រុង។
បេីតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ហេង លីគន្ធ ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ ម្ចាស់ផ្ទះជួល រឺឯអ្នកជួលមានឈ្មោះ មាស ប៊ុនសល់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ លក់កុំព្យូទ័រ ចំពោះមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញ ផ្ទះឈេីប្រក់សង្ក័សី ដែលមានទំហំ ៤ម៉ែត្រ គុណនឹង ៤៥ម៉ែត្រ ឆេះអស់ចំនួន ៤ខ្នងទាំងស្រុង ព្រមទាំងសម្ភារៈប្រេីប្រាស់មួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើរនឹង ១២០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រគូប, រថយន្តរបស់ផ្សារទំនេីប អូឡាំព្យា ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វាត ៧គ្រឿង ប្រេីប្រាស់ទឹកអស់ ៧ឡាន ស្មេីរនឹង ២៨ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១១និង៣០នាទីយប់នាថ្ងៃដដែរ៕
ដោយ៖សហការី