ខេត្តកណ្តាល ៖ មនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត និង៦នាក់ទៀតរងរបួសធ្ងន់ក្នុងករណីរថយន្តបែនដឹកដី១គ្រឿងបានបើកចុះស្ពានព្រែកតាមាក់ ក្នុងល្បឿនលឿនហើយជាន់ហ្វ្រ័ងមិនជាប់ បានជ្រុលទៅបុករះម៉ូតូ រថយន្តនិងតូបលក់ដូរនៅជិតរង្វង់មូលស្ពាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ នៅលើផ្លូវជាតិ៨ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកនីស្សាន់ ធុនបែន ពណ៌ស ពាក់ស្លាកលេខ PP-០៣១៩ បើកបរដោយឈ្មោះ ផន មករា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងត្មាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពាន ពេលមកដល់ចំណុចរង្វង់មូលស្ពានព្រែកតាមាក់ក៏បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១D-៥៦៧៥ បើកដោយឈ្មោះ ឃាង ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ នៅភូមិព្រែកពោធិ៍លើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ( ស្លាប់ ) ។ ចំណែកអ្នករួមដំណើរ៣នាក់ រួមមាន ៖ ទី ១.ឈ្មោះ ផេង វួចលាប ភេទស្រី អាយុ៤៧ឆ្នាំ (ជាប្រពន្ធស្លាប់ ), ទី២.ឈ្មោះ ឃាង កៅលី ភេទប្រុស អាយុ១២ឆ្នាំ ( ជាកូនស្លាប់ ), ៣. ឈ្មោះ ឃាង ប៉ជូ ភេទស្រី អាយុ៧ឆ្នាំ ( ជាកូនរង របួសធ្ងន់ ) នៅភូមិឃុំជាមួយគ្នា ។
ប្រភពបានបន្តថា រថយន្តបង្កបានបើកបរក្នុងទិសដៅពីលិចទៅកើតចុះពីស្ពាន។ បន្ទាប់មករថយន្តបង្កបានបុកតូបលក់ផ្លែឈើឈ្មោះ ឈាន សុខ កូយ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលបណ្ដាលឱ្យរងបួសធ្ងន់ និងអ្នកលក់ផ្លែឈើម្នាក់ទៀតឈ្មោះ ថា រឹត ភេទស្រី អាយុ២៤ឆ្នាំ រងរបួសធ្ងន់ នៅភូមិឃុំជាមួយគ្នា ។បន្ទាប់មករថយន្តបង្កខាងលើ បានបុករថយន្តឈប់ទិញផ្លែឈើម៉ាកសាំយ៉ុង អ្នកបើកបរមិនស្គាល់ឈ្មោះ របួសធ្ងន់ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ក្នុងនោះមានអ្នករួមដំណើរប្រហែល៧នាក់ រងបួសធ្ងន់ម្នាក់ ហើយរថយន្តបង្កខាងលើបានជ្រុលទៅបុកតូបលក់ដូរចំនួន០២តូបទៀត តែមិនបណ្ដាលឱ្យម្ចាស់តូបរងរបួសឡើយ ។
ករណីនេះបណ្ដាលឱ្យមនុស្សរងគ្រោះចំនួន៩នាក់ ក្នុងនោះស្លាប់០៣ នាក់ រងរបួសធ្ងន់០៦ នាក់ ខូចខាតរថយន្ត០២គ្រឿងធ្ងន់ និងម៉ូតូ១គ្រឿងធ្ងន់ ព្រមទាំងតូប០៣កន្លែង រួមនិឹងសម្ភារ មួយចំនួន ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ កើតឡើងដោយសារតែអ្នកបើកបរដឹកធ្ងន់ ចុះពីលើស្ពានក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុ ឈ្មោះ ថន មករា អាយុ២៣ឆ្នាំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បី ចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ ស្អាងជ័យ