ខេត្តសៀមរាប: នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់ថា, «ផ្សារបន្ទាយស្រី»ត្រូវបានបិទជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍គិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩មិនឱ្យឆ្លងរាលដាលទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី បានគូសបញ្ជាក់ថា, បន្ទាប់ពីទទួលបានពត៌មានកាលពីម្សិលមិញថា មានអាជីវករនៅក្នុងផ្សារបន្ទាយស្រីពីរនាក់ប្តីប្រពន្ធត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ ក្រោយពេលទៅពិនិត្យជំងឺនៅក្នុងគ្លីនិកឯកជនមួយនៅក្នុងក្រុងសៀមរាបរួចមក ក្រុមការងារស្រាវជ្រាវរបស់ស្រុកបន្ទាយស្រីបានកំណត់មុខសញ្ញាដែលបានប៉ះពាល់ផ្ទាល់នឹងអ្នកទាំងពីរនេះភ្លាមៗ និងបានសម្រេចធ្វើតេស្តយកសំណាកលើអាជីវករទាំងអស់ជាង២០០នាក់នៅក្នុងផ្សារបន្ទាយស្រីទាំងមូលកាលពីព្រឹកមិញនេះ ដែលជាលទ្ធផលត្រូវបានរកឃើញវិជ្ជមានសរុប ២៤នាក់។
លោកបន្តថា, ដោយបានការឯកភាពអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រីបានរៀបចំបិទផ្សារបន្ទាយស្រីភ្លាមៗ ព្រមទាំងបន្តយកសំណាកលើអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានទាំង២៤នាក់នេះបន្ថែមទៀត ធ្វើយ៉ាងណាហ៊ុមព័ទ្ធការឆ្លងរាលដាលនៅក្នុងសហគមន៍ឱ្យខាងតែបាន ទោះបីជាត្រូវចត្តាឡីស័កមនុស្សរាប់រយគ្រួសារក៏ដោយ។ រដ្ឋបាលស្រុកបន្ទាយស្រីនឹងរៀបចំទីកន្លែងលក់បន្លែត្រីសាច់ និងរបស់របរចាំបាច់ប្រចាំថ្ងៃមួយចំនួនទៀតនៅទីតាំងថ្មីមួយ ដែលមានរក្សាគម្លាតសុវត្ថិភាពត្រឹមត្រូវ និងមិនបង្កហានិភ័យឆ្លងបន្តដល់អ្នកភូមិ។ អ្នកលក់បន្លែត្រីសាច់នៅក្នុងតំបន់ថ្មីនេះ នឹងតម្រូវឱ្យធ្វើតេស្តយកសំណាក និងមានលទ្ធផលអវិជ្ជមានជាមុនសិន ព្រមទាំងមានពាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរុឹងពីសំណាក់រដ្ឋបាលស្រុក។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី បានលើកឡើងថា, ខ្ញុំសូមស្នើសុំការយោគយល់ចំពោះផលប៉ះពាល់ដែលកើតចេញពីវិធានការបន្ទាន់មួយនេះ និងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់ ជាពិសេសអ្នករស់នៅជុំវិញផ្សារបន្ទាយស្រី ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីខាងលើ មេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគជាប្រញាប់នៅមណ្ឌលសុខភាពបន្ទាយស្រីផ្ទាល់តែម្តង។ ជាមួយនឹងការចូលរួមរបស់បងប្អូនទាំងអស់គ្នា ខ្ញុំជឿជាក់ថាយើងនឹងអាចកាត់ផ្តាច់ហានិភ័យនៃការឆ្លងរីករាលដាលធំនៅក្នុងស្រុករបស់យើងបាននៅក្នុងពេលឆាប់ៗនេះ៕
ដោយ, សិលា