ផ្ទះជាច្រើនខ្នងនៅក្នុងប្រទេសអេស្ប៉ាញត្រូវឆេះខ្ទេចដោយកម្អែភ្នំភ្លើង

ចែករំលែក៖

ភ្នំភ្លើង Cumbre Vieja បានព្រួសកម្អែទ្រង់ទ្រាយធំ បង្កការខូចខាតយ៉ាងខ្លាំងដល់ទ្រព្យសម្បត្តិពលរដ្ឋអេស្ប៉ាញនៅលើកោះLa Palma។ ចាប់ពីថ្ងៃទី១៩ខែកញ្ញាមក កម្អែភ្នំភ្លើងបានហូរចុះពីជើងភ្នំទៅដល់ផ្ទះរបស់ពលរដ្ឋ ស្ថិតនៅក្នុងតំបន់ Cumbre Vieja ដែលមានពលរដ្ឋប្រមាណ៥៥០០នាក់ត្រូវជម្លៀសចេញជាបន្ទាន់។ មិនមានពលរដ្ឋណាម្នាក់ស្លាប់ដោយសារកម្អែភ្នំភ្លើងនោះឡើយ ហើយក្រុមសន្តិសុខបានជម្លៀសពលរដ្ឋចេញទាន់ពេលវេលា ។ ប៉ុន្តែកម្អែភ្នំភ្លើងបានកម្ទេចអ្វីទាំងអស់នៅតាមផ្លូវដែលហូរចុះមក។ លោក Sergio Rodriguez មន្ត្រីក្នុងតំបន់ Cumbre Vieja បានឱ្យដឹងថា ពលរដ្ឋមិនអាចវិលត្រឡប់មកផ្ទះវិញឡើយ ក្នុងរយៈពេលនេះ ដោយសារតែផ្ទះសម្បែងរបស់ពួកគាត់ត្រូវកម្អែភ្នំភ្លើងដុតបំផ្លាញខ្ទេច។ ភ្នំភ្លើង Cumbre Vieja ស្ថិតនៅជើងភ្នំនាភាគខាងត្បូងកោះLa Palma ហើយភ្នំភ្លើងនេះធ្លាប់ព្រួសកម្អែពីរលើករួចមកហើយនៅក្នុងសតវត្សរ៍ទី២០ ។ ការព្រួសកម្អែលើកដំបូងនៅក្នុងឆ្នាំ១៩៤៩ និងលើកទីពីរនៅក្នុងឆ្នាំ១៩៧១។ មន្ត្រីទេសចរណ៍នៅក្នុងតំបន់បានឱ្យដឹងថា ការផ្ទុះភ្នំភ្លើងខាងលើបានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅលើកោះនេះ ជាតំបន់ទាក់ទាញបំផុត។ ក្នុងពេលភ្នំភ្លើងផ្ទុះព្រួសកម្អែមានអ្នកទេសចរប្រមាណ៥០០នាក់នៅលើកោះ La Palma។ សំឡេងផ្ទុះភ្នំភ្លើងឮដូចជាយន្តហោះចម្បាំង២០គ្រឿងចាប់ផ្តើមហោះហើរក្នុងពេលតែមួយ។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីផ្ទះប៉ុន្មានខ្នងរងការឆាបឆេះនោះនៅឡើយ៕ដោយ៖ធីរីណា

...

ប្រភពរូបថត៖ Zingnews.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print