បិសាចក្រហម Man Utd បាត់បង់ឱកាសឡើងវគ្គ១៦ក្រុម ខណៈតោខៀវ និងមាន់ខ្នាយមាសឈ្នះដោយបាល់ប៉េណាល់ទីកាត់សេចក្តី

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ West Ham United ក្នុងលទ្ធផល១ទល់០​ ក្នុងការប្រកួតវគ្គជម្រុះជុំទី៣ ពានរង្វាន់ League Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកញ្ញា ដោយការបរាជ័យនេះធ្វើឲ្យក្រុមបិសាចក្រហមបាត់បង់ឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ខាងលើ។

១គ្រាប់ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមភ្ញៀវ West Ham រកបានដោយកីឡាករ Lanzini តាំងពីនាទីទី៩ក្នុងតង់ទី១មកម្ល៉េះ ហើយ១គ្រាប់នេះបានបន្តរហូតដល់ចប់ការប្រកួត។ ជ័យជម្នះនេះធ្វើឲ្យក្រុម West Ham មានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមបន្ត ដោយការទទួលបានជ័យជម្នះនេះគឺជាលើកដំបូងចាប់តាំងពីខកខានតាំងពីឆ្នាំ២០០១មកម្ល៉េះ។

ចំណែកក្រុមតោខៀវ Chelsea បានទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្រោយពីប្រកួតស្មើ ១ទល់១ ជាមួយក្រុម ភ្ញៀវ Aston Villa ។ ការប្រកួតក្នុងតង់ទី១រវាងគូទាំង២ គឺមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ ប៉ុន្តែចូលដល់តង់ទី២ នាទីទី៥៤ កីឡាករ Werner របស់ក្រុម Chelsea រកបានគ្រាប់បាល់នាំមុខ១គ្រាប់ ហើយនៅនាទីទី៦៤ កីឡាករ Archer របស់ក្រុម Aston Villa ក៏រកបាន១គ្រាប់សងវិញ។

លទ្ធផលស្មើគ្នានេះបានបន្តរហូតដល់ចប់តង់ និងម៉ោងបន្ថែមប៉ុន្តែនៅតែមិនមានគ្រាប់បាល់បញ្ចូលទីដដែល ធ្វើឲ្យអាជ្ញាកណ្តាលសម្រេចកាត់សេចក្តីដោយស៊ុតប៉េណាល់ទីមួយក្រុម៥គ្រាប់។ ទីបំផុតក្រុមតោខៀវ Chelsea ធ្វើបានល្អដោយស៊ុត៥គ្រាប់ ចូល៤គ្រាប់ ខណៈដែលក្រុមភ្ញៀវ Aston Villa ស៊ុត៥គ្រាប់ចូលតែ៣គ្រាប់ប៉ុណ្ណោះនាំឲ្យលទ្ធផលគឺ៤ទល់៣។ ក្រុមតោខៀវមានឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយ ដោយកាលបរិច្ឆេទនៃការផ្គូរផ្គងវគ្គ១៦ក្រុមពានរង្វាន់ League Cup មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

ដោយឡែកក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមម្ចាស់ផ្ទះ Wolverhampton ដោយបាល់កាត់សេចក្តីប៉េណាល់ទីដែរ ក្រោយពីប្រកួតលទ្ធផល២ទល់២។ ការប្រកួតបានចាប់ផ្តើមក្នុងតង់ទី១ ក្រុមភ្ញៀវ Tottenham មានឱកាសរកគ្រាប់បាល់នាំមុខរហូតដល់២គ្រាប់ ដែលគ្រាប់ទី១រកបានដោយកីឡាករ Ndombèlé នៅនាទីទី១៤ និង១គ្រាប់ទៀតរកបានដោយកីឡាករ Harry Kane នៅនាទីទី២៣។ នៅនាទីទី៣៨ កីឡាករ Dendoncker របស់ក្រុមម្ចាស់ផ្ទះ Wolverhampton រកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៥៨ ក្នុងតង់ទី២ កីឡាករ Daniel Podence ក៏រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យលទ្ធផលស្មើគ្នា២ទល់២។

ចប់ការប្រកួតក្រុមទាំង២ នៅតែរក្សាលទ្ធផល២ទល់២ដដែល ធ្វើឲ្យអាជ្ញាកណ្តាលសម្រេចកាត់សេចក្តីស៊ុតបាល់ប៉េណាល់ទី១១ម៉ែត្រ។ ជាលទ្ធផលក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham ធ្វើបានល្អជាងដោយស៊ុតបាល់៥គ្រាប់ ចូល៣គ្រាប់ ខណៈដែលក្រុមម្ចាស់ផ្ទះ Wolverhampton ស៊ុតបាល់៥គ្រាប់ ចូលតែ២គ្រាប់ប៉ុណ្ណោះ ធ្វើឲ្យលទ្ធផលក្រុម Tottenham យកឈ្នះក្រុម Wolverhampton ក្នុងបាល់ប៉េណាល់ទី៣ទល់២។

ក្រៅពីក្រុមខាងលើមានក្រុមផ្សេងទៀតដែលបានឡើងទៅកាន់វគ្គ១៦ក្រុមដែរគឺក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមភ្ញៀវ AFC Wimbledon ក្នុងលទ្ធផល៣ទល់០, ក្រុម Leicester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Millwall ក្នុងលទ្ធផល២ទល់០ និងក្រុមម្ចាស់ផ្ទះ Brighton បានយកឈ្នះក្រុមភ្ញៀវ Swansea ក្នុងលទ្ធផល២ទល់០ ៕

...

(រូបភាព ៖ BBC Sport)ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print