ភ្នំពេញ , នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងលោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកស្រី ញ៉ែម សឿន ព្រមទាំងញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នៅវត្តមុន្នីប្រសិទ្ធវង្ស (ហៅវត្តលោកតា មួង រ៉ា) ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បាននាំយកបច្ច័យចូលបុណ្យនៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នេះ ចំនួន ២,០០០,០០០រៀល។
សូមបញ្ជាក់ថា, ថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាម នានា។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២១ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២កញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។
សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។ សូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួនជានិច្ច។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា៕