ខេត្តកណ្តាល៖ ថ្ងៃណាក៏ដូចថ្ងៃណា ក្រុមហ៊ុនរថយន្តដឹកដីដែលរកស៊ីមិនស្គាល់ប្រាំង វស្សា បានដឹកបំផ្លាញផ្លូវគ្មានថ្ងៃណាសម្រាក បើទោះជាមានការិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិឈើទាល និង ភូមិបឹងជន្លេន ស្ថិតក្នុងឃុំឬស្សីជ្រោយ និងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលយ៉ាងណាក៏ដោយ ។ ប្រជាពលរដ្ឋទាំពីរភូមិបានសំណូមពរ ឲ្យអាជ្ញាធរ ឃុំទាំងពីរ នេះល្មមចេញបញ្ជាផ្អាកសកម្មភាពដែលបានអនុញ្ញាតឲ្យក្រុមឈ្មួញ និងថៅកែទាំងនោះដឹកដីធ្វើអាជីវកម្ម យ៉ាងគគ្រឹកគគ្រេង មិនគិតពីផលប៉ះពាល់ដល់ការស់នៅរបស់ពលរដ្ឋទាំងពីភូមិនោះហើយ ។ ប្រជាពលរដ្ឋម្នាក់ ថ្លែងសុំមិនបញ្ចេញឈ្មោះ ដែលរស់នៅ ក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញបញ្ជាក់ថា មានការមិនសប្បាយចិត្តទៅលើក្រុមថៅកែរថយន្តដឹកដី និងក្រុមថៅកែឡឥដ្ឋ ដែលបានដឹកដីបំផ្លាញផ្លូវ ស្ទើរខ្ទេចវល់អស់គ្មានសល់ ។ ពលរដ្ឋដដែលបានចោទប្រកាន់ថា ការដែលនាំឲ្យថៅកែឡឥដ្ឋ និងថៅកែរថយន្តដឹកដី មានឥទ្ធិពលដឹកដីបំផ្លាញ ផ្លូវគ្មានក្រែងញញើតអ្នកណានោះគឺដោយសារអាជ្ញាធរមូលដ្ឋានរបើកដៃ ឬក៏អាចថាអាជ្ញាធរត្រូវរ៉ូវជាមួយក្រុមថៅកែទាំងនោះ ដោយសារលាភសក្ការបន្តិចបន្តួច។ តែទោះជាមានការអះអាង និងមានហេតុផល ពីប្រជាពលរដ្ឋ លោកមេឃុំ ព្រែកអញ្ចាញគឺលោក មិន យ៉ុន បានប្រាប់អ្នកយកពត៌មាននគរវត្តថា ចំពោះផ្លូវលំចូលភូមិឈើទាល លោកទទួលស្គាល់ថា មានការខូចខាត មានស្ថានភាពផ្លូវអាក្រក់ ធ្វើឲ្យពលរដ្ឋ ធ្វើដំណើរចេញចូលមានការលំបាក តែទោះជាយ៉ាង ណាលោកមេឃុំ ដកដង្ហើមធំប្រាប់អ្នកយកព័ត៌មានថា គាត់សង្ស័យមិនអាចបញ្ជាគេបាននោះទេ បើក្រុមថៅកែ ទាំងនោះ គេមានមុខរបរតែប៉ុណ្ណឹង ទោះបីជាលោកខិតខំសំណូមពរគេយ៉ាងណា ក៏ក្រុមថៅកែដឹកដី និងក្រុមថៅកែឡឥដ្ឋ មិនបញ្ឈប់សកម្មភាពនោះទេ លោកគ្រាន់តែបានប្រាប់ឲ្យពួកគេដឹក ហើយជួសជុលផ្លូវឲ្យបានល្អស្អាតវិញផង ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើបានស្រួល។ ចំណែកមេឃុំឬស្សីជ្រោយ គឺលោក អ៊ុំ ឈុនស្រេង ក៏មានប្រសាសន៍ស្រដៀងគ្នានឹងលោកមេឃុំព្រែកអញ្ចាញដែរ ។ ពលរដ្ឋម្នាក់ទៀតដែលថ្លែងមិនបញ្ចេញឈ្មោះ រស់នៅក្នុងភូមិបឹងជន្លេន បាននិយាយចំអកថា ធ្វើម្តេច មេឃុំហ៊ានចាត់ការ បើថៅកែឡឥដ្ឋ ភាគច្រើនយកឈ្មោះអ្នកធំមកគំរាមមេឃុំទៅហើយនោះ។ តែគេនៅមានសង្ឃឹមថា លោកអភិបាលស្រុកមុខកំពូល លោក តាំង ម៉េង លាន លោកអាចប្រើឥទ្ធិពល និងតួនាទីជាអភិបាលស្រុក ដើម្បីចាត់វិធានការទៅលើក្រុមថៅកែទាំងនោះ តែបើសិនជាលោកអភិបាលស្រុកមិនមានចំណាត់ការទេ ពលរដ្ឋនៅក្នុងឃុំទាំងពីរ ពិតជាគ្មានផ្លូវដើរបានស្រួលនោះទេ គឺចប់តែម្តង ៕ ឡូ សំអាត
ល្មមៗបានហើយ ថៅកែរថយន្តដឹកដី និងថៅកែឡឥដ្ឋ ល្មមបញ្ឈប់សកម្មភាព ដឹកដីបំផ្លាញផ្លូវរបស់ពលរដ្ឋទៀតទៅព្រោះរដូវភ្លៀងធ្លាក់ជោគជាំហើយ
...