FIFA ដាក់ទណ្ឌកម្មប្រទេសហុងគ្រីត្រូវប្រកួតដោយបិទទ្វារបន្ទាប់ពីអាកប្បកិរិយាប្រកាន់ពូជសាសន៍របស់អ្នកគាំទ្រ

ចែករំលែក៖

ក្រុមប្រទេសហុងគ្រីត្រូវបានបញ្ជាឱ្យលេង២ប្រកួតដោយបិទទ្វារដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA បន្ទាប់ពីការរើសអើងជាតិសាសន៍ទៅលើកីឡាករអង់គ្លេសដែលប្រកួតនៅវគ្គជម្រុះ World Cup នៅទីក្រុងប៊ូដាប៉េសកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅ។ ជាមួយគ្នានេះសហព័ន្ធបាល់ទាត់ហុងគ្រីក៏ត្រូវបានពិន័យជាប្រាក់ ១៥៨.៤០០ផោនផងដែរ។

សេចក្តីថ្លែងការណ៍របស់ FIFA បានប្រកាសថា “FIFA ប្រកាន់យកគោលជំហរអត់ឱនច្បាស់លាស់ប្រឆាំងនឹងអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមនៅក្នុងបាល់ទាត់។ យើងនៅតែម៉ឺងម៉ាត់ ក្នុងការបដិសេធរាល់ទម្រង់នៃការរើសអើងជាតិសាសន៍ និងអំពើហិង្សាក៏ដូចជាទម្រង់នៃការរើសអើង ឬការរំលោភបំពានផ្សេងៗ” ។

នៅខែមិថុនា UEFA បានពិន័យសហព័ន្ធហុងគ្រីចំនួន៨៥.៥០០ផោន និងបញ្ជាឱ្យបិទពហុកីឡដ្ឋានចំនួន៣ប្រកួតដែលការប្រកួតចុងក្រោយត្រូវបានព្យួរពីបទរើសអើងដោយអ្នកគាំទ្ររបស់ពួកគេអំឡុងការប្រកួតយូរ៉ូ២០២០។ ការដាក់ទណ្ឌកម្មនេះមិនបានអនុវត្តចំពោះដំណើរការប្រកួតប៉ះជាមួយអង់គ្លេសឡើយ ព្រោះការប្រកួតជម្រុះ World Cup គឺជាការប្រកួតរបស់ FIFA ជាជាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ UEFA ដែលមិនសុំឱ្យមានការដាក់ទណ្ឌកម្ម។

FIFA បាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មបន្ទាប់ពីបានវិភាគ និងពិចារណាលើកាលៈទេសៈទាំងអស់នៃករណីជាពិសេសភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុ (ពាក្យពេជន៍ និងសកម្មភាពប្រកាន់ពូជសាសន៍ ការចោលវត្ថុការបាញ់កាំជ្រួច និងកន្លែងកាំជណ្តើរមានការរារាំង) ។

កីឡាករ Raheem Sterling និង Jude Bellingham ត្រូវបានគេដាក់គោលដៅទាំង២នាក់ ដែលមានការរើសអើង ដោយអ្នកគាំទ្រយកវត្ថុរឹងគប់ទៅលើទីលាននៅឯកីឡដ្ឋាន Puskas Arena។ កីឡាករអង់គ្លេសក៏ត្រូវបានគេជេរផងដែរនៅពេលពួកគេលុតជង្គង់នៅមុនការប្រកួតនៅកីឡដ្ឋានដែលមានមនុស្ស៦៧.០០០នាក់។

Sterling ត្រូវបានគេយកក្រដាស និងដបក្រដាសគប់នៅពេលដែលរូបគេបានបើកការស៊ុតបញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសមុនពេលភ្លើងត្រូវបានបោះទៅលើទីលានបន្ទាប់ពី Harry Maguire បានជួយឲ្យក្រុមរបស់លោក Gareth Southgate នាំមុខ ៣-០។ លោក Southgate អ្នកចាត់ការទូទៅក្រុមអង់គ្លេសក៏ត្រូវបានអ្នកគាំទ្រគប់ដុំទឹកកកដាក់គាត់កំឡុងពេលសម្ភាសន៍ក្រោយការប្រកួតផងដែរ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print