អភិបាលខេត្តព្រះវិហារ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន និត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយទឹកជំនន់ !

ចែករំលែក៖

ខេត្តព្រះវិហារ: សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន និត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយទឹកជំនន់ ។ នេះជាលើកឡើងពីលោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋបាលខេត្តព្រះវិហារ ក៏បានបញ្ជាក់ថា, យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ គិតត្រឹមវេលាម៉ោង ៦ម៉២៧នាទីព្រឹក, ថ្ងៃទី ២៥ខែ កញ្ញា ឆ្នាំ ២០២១ ទឹកស្ទឹងសែន នៅភូមិសាស្រ្តខេត្តព្រះវិហារ ទឹកមានកម្ពស់៖ ១១,៣៨ ម ហើយកម្ពស់ទឹកស្ទឹងសែនដែលត្រូវប្រកាសអាសន្នគឺៈ ១១,៥០ម ។
រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូន ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែនៈ និងមាត់ទន្លេមេគង្គ ព្រមទាំងបងប្អូនដែលកំពុងតែរស់នៅ តាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មេត្តាជ្រាបថា + ផ្នែកតាមសេចក្ដីជូនដំណឹងស្តីពី អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីថ្ងៃទី ២២ ខែកញ្ញា ព្រះរាជា ណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើជួរភ្នំដងរែក និង ខ្ពង់រាបឦសាស្ត្រ ជាមួយនឹងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ។ ស្ថានភាពបែបនេះ ខេត្តព្រះវិហារ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង ជាមួយគ្នានេះ ក្នុងរយះពេល ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងកំពុងតែបន្តភ្លៀង ដែលធ្វើឲ្យទឹកស្ទឹងសែនប្រាក់ឡើងខ្លាំង លឿន អាចឈានទៅដល់កម្រិតមួយបង្កឲ្យមានការលិចលង់ និងត្រៀម បង្ការសង្គ្រោះ ។ គិតត្រឹមថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ទឹកស្ទឹងសែនមានកម្ពស់ ១១,២០ម៉ែត្រ (ដប់មួយ ម៉ែត្រម្ភៃសង់ទីម៉ែត្រ) ដែលកម្ពស់ទឹកត្រូវប្រកាសអាសន្ន គឺ ១១,៥០ម៉ែត្រ ( ដប់មួយម៉ែត្រហាសង់ទីម៉ែត្រ) ។

ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទាំងអស់ ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង្គ ព្រមទាំងបងបួនដែលកំពុង តែរស់នៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមាន សុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលជួប គ្រោះទឹកជំនន់ សូមមេត្តារាយការណ៍ និងផ្តល់ព័ត៌មានឲ្យបានឆាប់បំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា ។

រដ្ឋបាលខត្តព្រះវិហារ មានសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងមានការប្រុងប្រយ័ត្ន បង្កើនការ យកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពកម្ពស់ទឹកទន្លេ និងទឹកស្ទឹងសែនដែលកំពុងតែហក់ឡើងជាបន្តបន្ទាប់ ។ ដូច្នេះ សូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងនេះឲ្យបានប្រសិទ្ធភាពខ្ពស់ ។

សូមបងប្អូនប្រជាពលរដ្ឋ មេត្តាទទួលនូវការការពស្រលាញ់ជាទីបំផុតអំពីខ្ញុំ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print