ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានទទួលយកការតិះដៀលរបស់ក្រុមប្រឆាំងមួយចំនួនដែលគ្មានហេតុផល ក្នុងករណីដែលសម្តេច បានសម្រេចបិទវត្តអារាមទូទាំងប្រទេសមិនឲ្យប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺសម្តេចធ្វើឡើងក្នុងគោលបំណងការពារសុខភាព និងអាយុជីវិតរបស់បងប្អូនទាំងអស់ ហើយក៏មិនចង់ឃើញប្រជាពលរដ្ឋខ្មែរយើងស្លាប់ដោយសារមេរោគកូវីដ១៩ ច្រើនដូចប្រទេសដទៃផងដែរ។
សម្តេចបានមានប្រសាសន៍ថា, រក្សាជីវិតឱ្យបាន យើងនៅមានឱកាសធ្វើបុណ្យធ្វើទានរាប់ឆ្នាំទៀត។
សូមបញ្ជាក់ថា, ថ្លែងតាមរយៈសារពិសេសមួយទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានបោះបង់ចោលនូវពិធីបុណ្យ ឬប្រពៃណីរបស់ខ្មែរនោះទេ ប៉ុន្តែក្នុងបរិបទនេះ គឺត្រូវបង្ខំចិត្តផ្អាកជាបន្ទាន់ ដើម្បីសុខភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដោយមិនបានបិទសិទ្ធ និងហាមប្រាមមិនឲ្យធ្វើបុណ្យទាននោះឡើយ។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានធ្វើការសូមអភ័យទោស និងសម្តែងការសោកស្តាយចំពោះការផ្អាកមិនឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារតែបង្ការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩នោះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា, ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅមានជីវិតបងប្អូនអាចមានលទ្ធភាពធ្វើបុណ្យបានយូរអង្វែង និងរាប់សិបឆ្នាំទៅមុខទៀតផងដែរ។
បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា ក្រោយក្រុមគ្រូ ពេទ្យយកសំណាកនៅតាមវត្តនានា ក្នុងរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញថា វត្តស្ទើតែពាក់កណ្តាលបានរកឃើញវជ្ជមានមេរោគកូវីដ១៩ ហើយក្នុងនោះ ក៏មានវត្តឧណ្ណាឡោម ដែលជាវត្តស្នាក់នៅរបស់សម្តេចសង្ឃផងដែរ។
សូមបញ្ជាក់ថា, ដោយសារការខិតខំប្រឹងប្រែងពីសម្តេចតេជោ ហ៊ុនសែនននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៧០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៨៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧០,២១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
សូមក្រើនរំលឹកថា, រហូតដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨១៦នាក់ (ឆ្លងសហគមន៌: ៧០២ និង នាំចូល: ១១៤) និងមានជាសះស្បេីយ ៥៥៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០៨២៥៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១០០១៨២នាក់ និង ស្លាប់ថ្មី ២១នាក់ សរុបស្លាប់ ២២១៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2389633 ស្មេីនឹង 140649 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សិលា