ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅថ្ងៃសៅរ៍៤រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបាញ់លាងសម្អាតមហាវិថីសម្តេចតេជោ(៦០ម៉ែត្រ) ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ដោយប្រើប្រាស់រថយន្តបាញ់ទឹករបស់រដ្ឋបាលខណ្ឌចំនួន០២គ្រឿង និងរថយន្តបោសសម្អាតថ្នល់មួយគ្រឿង ព្រមទាំងមានការចូលរួមសហការពីរថយន្តបាញ់ទឹករបស់សាលារាជធានីភ្នំពេញចំនួន ០៦គ្រឿង។
ក្នុងការចុះបាញ់លាងសម្អាតផ្លូវនេះដែរ លោក ឌី រ័ត្នខេមរុណ បានបែងចែកជា ០៣ក្រុម ដើម្បីចុះបាញ់លាងសម្អាតផ្លូវ មានដូចជា៖
១. មហាវិថី សម្តេចតេជោ (៦០ម៉ែត្រ)
២. មហាវិថី លោកឧកញ៉ាមហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ)
៣. ផ្លូវជាតិលេខ២។
ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានសំណូមពរឱ្យរថយន្តដែលកំពុងចរាចរលើមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ)មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ)និងផ្លូវជាតិលេខ២ សូមចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវពេលធ្វើដំណើរលើផ្លូវសាធារណៈ ជៀសវាងកើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយមកលើបងប្អូនប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភណភាពទីក្រុងថែមទៀតផង ។
លោកអភិបាលរងខណ្ឌមានជ័យ បានបន្តទៀតថា គ្រប់រថយន្តដឹកខ្សាច់ និងដឹកដី គ្រប់ប្រភេទត្រូវគ្របតង់ លាងកង់រថយន្ត ឱ្យបានត្រឹមត្រូវមុននឹងចេញពីការដ្ឋានប្រសិនបើមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ អាជ្ញាធរនឹងអនុវត្តតាមវិធានការរដ្ឋបាលខណ្ឌ៕ ដោយ៖ស តារា