ខេត្តបាត់ដំបង : កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , ស្អាតអស់ទាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ! នេះជាការលើកឡើងពីសំណាក់ប្រជាពលរដ្ឋ ខណ:បានទទួលសមិទ្ធិផលថ្មីពីប្រមុខរាជរដ្ឋាភិបាលនោះ។
សូមបញ្ជាក់ថា, កន្លងទៅ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ចុះពិនិត្យប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ក្នុងនោះលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានគណៈប្រតិភូ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះត្រួតពិនិត្យប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដោយមានការចូលរួមពីលោកអភិបាល នៃគណៈអភិបាលខេត្ត តំណាងJICA ប្រចាំកម្ពុជា មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសគ្រប់ផ្នែកពាក់ព័ន្ធផងដែរ។
លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា, សម្រាប់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដែលត្រូវចុះពិនិត្យប្រគល់-ទទួលនេះ គឺចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ និងបច្ចុប្បន្នការសាងសង់បានសម្រេច ១០០%ហើយ។ គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ ៥ នេះផងដែរ ត្រូវបានបែងចែកជាពីរកញ្ចប់ការងារ៖ កញ្ចប់ការងារទី១ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo Joint Venture មានប្រវែង ៤៦,២៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គីឡូម៉ែត្រ) និងកញ្ចប់ការងារទី២ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma Joint Venture មានប្រវែង ៣៨,៤៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC & TANCONS និងត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ ក៏មានដាំលម្អដើមត្របែកព្រៃ និងចំប៉ីនៅចំកណ្ដាលទ្រូងផ្លូវប្រមាណ ៧១១០ ដើម និងដើមក្ងោកនៅអមសងខាងផ្លូវវាងប្រមាណ ៦០០០ ដើម ចាប់ពីបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ដើម្បីបង្កើនសោភ័ណភាពបរិស្ថាន និងការពារដល់ព្រំដីចំណីផ្លូវ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនេះផងដែរ លោករដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា៖ ផ្លូវ គឺមានសារៈសំខាន់ណាស់សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ពិសេស គឺវិស័យដឹកជញ្ជូននេះតែម្តង ដែលតម្លៃដឹកជញ្ជូននៅកម្ពុជា គឺថ្លៃជាងប្រទេសជិតខាង ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែង រៀបចំ កសាងផែនការមេប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងន័យកាត់បន្ថយតម្លៃដឹកជញ្ជូន ដើម្បីទាក់ទាញវិនិយោគចូលមកកម្ពុជា ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋយើង។
លោករដ្ឋលេខាធិការប្រចាំការ បានបន្តទៀតថា កំណាត់ផ្លូវជាតិលេខ ៥ ដែលបានស្ថាបនារួចក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនេះ ក្រុមហ៊ុនម៉ៅការសាងសង់នឹងបន្តធ្វើការថែទាំរយៈពេលមួយឆ្នាំទៀត ចាប់ពីថ្ងៃប្រគល់-ទទួល និងស្នើសុំ លោកអភិបាលនៃ គណៈអភិបាលខេត្តទាំងពីរបន្ត និងចាត់វិធានការការពារថែរក្សា និងគ្រប់គ្រងដីចំណីផ្លូវ៦០ម៉ែត្រ ដែលរដ្ឋបានចំណាយថវិកាជាតិទិញពីប្រជាពលរដ្ឋ ទុកសម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈ ក៏ដូចជាសម្រាប់ការអភិវឌ្ឍន៍ទៅថ្ងៃមុខ។
លោករដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងផងដែរថា៖ ចំពោះឡានដឹកទំនិញធំៗ អាចបង្វែរចរាចរណ៍ពីការឆ្លងកាត់ទីរួមខេត្ត មកផ្លូវវាងក្រុងថ្មីនេះវិញ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជួយការពារបរិស្ថាន សុខភាពសាធារណៈ ក៏ដូចជាចំណេញពេលវេលាក្នុងការធ្វើដំណើរ និងរួមចំណែកកាត់បន្ថយការកកស្ទះនៅទីរួមខេត្ត។
ជាទីបញ្ចប់ លោករដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូអភិវឌ្ឍន៍ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលអញ្ជើញចូលរួមជាសក្ខីភាព នៃការចុះពិនិត្យប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ ៥ ក្នុងគម្រោងខាងលើនេះ និងសូមអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធបន្តការការពារនិងថែរក្សាសមិទ្ធផលជាតិដែលទើបនឹងសម្រេចបាន ជាពិសេសសូមប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍។
សូមរំលឹកថា, កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)នោះ ត្រូវបានមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបញ្ជាក់ថា, គឺមានក្រុមហ៊ុរបស់ខ្មែរយើងនៅក្នុងស្រុកជាអ្នកម៉ៅការបន្តសាងសង់ស្ថាបនា ដែលមានឈ្មោះថា, ( ក្រុមហ៊ុន ណឹមម៉េង គ្រុប) ដើលបង្ហាញពីមោទនភាពរបស់ក្រុមហ៊ុនខ្មែរ ក្នុងន័យ (ខ្មែរអាចធ្វើបាន)…ប្រកបដោយស្តង់ដារបច្ចេកទេសកម្រិតអន្តរជាតិ។
ពាក់ព័ន្ធក្នុងករណីនេះផងដែរ អង្គភាព”នគរដ្រេហ្គន”បានព្យាយាមធ្វើការទំនាក់ទំនងទៅកាន់តំណាង( ក្រុមហ៊ុន ណឹមម៉េង គ្រុប) ដើម្បីសុំការបំភ្លឺ ត្រង់ថា, តើ( ក្រុមហ៊ុន ណឹមម៉េង គ្រុប)ជាក្រុមហ៊ុនខ្មែរ ហើយមានសមត្ថភាពស្ថាបនាបាន លក្ខណៈស្តង់ដារអន្តរជាតិប្រកបដោយផ្លែផ្កាដ៏អស្ចារ្យនេះ មានកត្តាអ្វីដែលក្រុមហ៊ុនអន្តរជាតិមានទំនុកចិត្ត ហើយភាពជោគជ័យនេះ មានបទពិសោធន៍ប៉ុន្មានឆ្នាំហើយ ពិសេសខាងក្រុមហ៊ុនមានគ្រឿងចក្រស្របតាមតម្រូវការដែរឬទេ ? តំណាង( ក្រុមហ៊ុន ណឹមម៉េង គ្រុប)បានថ្លែងយ៉ាងដូច្នេះថា, “បាទបង ជាការពិត ផ្លូវជាតិលេខ៥ កំណាត់
បាត់ដំបងនេះ គឺក្រុមហ៊ុន យើងខ្ញុំបាន សាប់
បន្តពី ក្រុមហ៊ុន ជប៉ុនទាំងអស់មែន ហើយ
សូមជម្រាបជូនបងអ្នកសាពត៌មានជ្រាបថា, ការងារជាមួយជប៉ុន ពិបាកណាស់ , ចឹងក្រុមហ៊ុនយើងខ្ញុំបានធ្វើមកដល់ទីបញ្ចប់នេះ ដូចបងអ្នកសារពត៌មានបានឃើញផ្ទាល់ ជាពិសេស បើបងចង់ច្បាស់
អាចសួរ ប្រជាពលរដ្ឋ អ្នកបាត់ដំបង និងអ្នកឆ្លងកាត់ផ្លូវនេះ បាទសូមអគុណ។
សូមបញ្ជាក់ផងដែរថា, ប្រជាពលរដ្ឋបានភ្នាត់មាត់គ្រប់គ្នាថា, កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , ស្អាតអស់ទាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ! ៕
ដោយ, សុខ ខេមរា