ខេត្តកណ្ដាល: កូនប្រុសតិរច្ឆានជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់បានវាយម្ដាយបង្កើតខ្លួនឯងរហូតដល់ស្លាប់យាំងអាណោចអាធ័ម កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី នៅចំណុចភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងួន សុខគី ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិឃុំកេីតហេតុ (ត្រូវជាម្តាយ)។ចំណែក ជនសង្ស័យឈ្មោះ ស្រេង លាងហ៊ី ហៅព្រលឹត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកេីតហេតុ(ត្រូវជាកូន)។
ប្រភពដដែលបន្តថា កន្លងមកឈ្មោះ ស្រេង លាងហ៊ី ធ្លាប់បានប្រេីប្រាស់ថ្នាំញៀនប្រភេទម៉ាទឹកកករហូតមានសភាពញៀនថ្នាំ និងផឹកស្រាជាប្រចាំថ្ងៃ ហេីយតែងតែជេរប្រមាថ ឡូឡារករឿងម្តាយរបស់ខ្លួន និងអ្នកជិតខាង ។ លុះមក
ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលា ម៉ោង១១ៈ០០នាទី ឈ្មោះ ស្រេង លាងហ៊ី មានសភាពស្រវឹងស្រាបានស្រែកជេរឡូឡារករឿងម្តាយ និងអ្នកជិតខាង ហេីយម្តាយបានណែនាំកូនកុំឲ្យមាត់ឡូឡា ជេរគេជេរឯងអ៊ីចឹង ស្រាប់តែភ្លាមនោះជនសង្ស័យខឹងបានវាយម្តាយរបស់ខ្លួនត្រូវចំមុខនិងត្រូវដើមទ្រូងជាច្រេីនដៃ
ធ្វើឱ្យជនរងគ្រោះដួលទៅលើដី រួចហើយខំងើបប្រវេប្រវាដេីរទៅឡឥដ្ឋ។ រហូតដល់វេលាម៉ោង១៥ៈ០០នាទីថ្ងៃដដែលជនរងគ្រោះបានដាំស្លរួច ក៏ដើរយកសម្លមកឲ្យម្តាយរបស់ខ្លួន ហើយក៏ដើរទៅឡឥដ្ឋវិញ។ ដល់ម៉ោង១៨ៈ០០នាទី ជនរងគ្រោះមានអាការបែកញើសចុកទ្រូង ពេលនោះប្តីជនរងគ្រោះបានធ្វើចលនាឱ្យ។ បន្ទាប់មកជនរងគ្រោះបានសម្ងំដេក រហូតដល់ម៉ោង៧ព្រឹកចូលថ្ងៃទី២៦/៩/២០២១ ប្តីបានដាស់ប្រពន្ធ ទើបដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ព្រមទាំងប្រាប់ថៅកែឡឥដ្ឋ ឈ្មោះ ជា ចាន់ដេន ហើយថៅកែឡឥដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រះប្រសប់។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី ។
យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្តកណ្តាលនិងគ្រូពេទ្យកោសល្យវិច័យសន្ឋិដ្ឋានថា៖ សាកសពឈ្មោះងួន សុខគី ស្លាប់ដោយសាររងរបួសខ្ទាំលើផ្ទៃមុខ ធ្វើឲ្យរឹងធ្គាម ហូបអាហារមិនបាន ខ្យោយ បណ្តាលឲ្យគាំងបះដូងស្លាប់៕
ដោយ៖ ស្អាងជ័យ