ភ្នំពេញ៖ ពលរដ្ឋទីទាល់ក្ររស់នៅសហគមន៍បុរីរុងរឿងចំនួន២២៣គ្រួសារ បានមកទទួលអំណោយសប្បុរសធម៌ពីអាជ្ញាធរខណ្ឌជ្រោយចង្វា និងក្រុមហ៊ុនOCIC ដោយមានតំណាងប្រជាពលរដ្ឋ៤០គ្រួសារមកទទួល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងអំឡុងជំងឺកូវីដ-១៩ ស្ថិតនៅសាលាពហុបច្ចេកវិជ្ជាកម្ពុជា-ចិន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមជាអធិបតីពីលោកផន សុភាព តំណាងឲ្យ
ក្រុមហ៊ុន OCIC ក្នុងឱកាសរដូវភ្ជុំបិណ្ឌ តាមប្រពៃណីជាតិខែ្មរ និងក៏ដើម្បីជួយរំលែកទុក្ខលំបាកក្នុងអំឡុងជំងឺកូវីដ-១៩។
អំណោយដែលអាជ្ញាធរខណ្ឌ និង ក្រុមហ៊ុន OCIC នាំយកមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន២២៣គ្រួសារនេះក្នុង១គ្រួសារៗទទួលបានអង្ករ៣០ គីឡូក្រាម និងថវិកា៥ម៉ឺនរៀល។
លោក ផន សុភាព បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំវប្បធម៌ចែករំលែកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ, បុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យជាតិផ្សេងៗទៀតតាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ-សង្កាត់ រួមសហការជាមួយ ក្រុមហ៊ុន OCIC តែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅក្នុងមូលដ្ឋាន ពិសេសជីវភាព គ្រួសារប្រចាំថ្ងៃ អាជ្ញាធរតែងតែកៀរគររក សប្បុរសជនឲ្យជួយរំលែកទុក្ខលំបាករបស់បងប្អូនជានិច្ច។
លោកបន្ដថា ការងារសប្បុរសធម៌ បែបនេះ រដ្ឋបាលរាជធានីភ្នំពេញ-ខណ្ឌ- សង្កាត់បានធ្វើជូនគាត់ចំនួន២៩លើកមកហើយដែរ ដែលបើគិតជាទឹកប្រាក់មានជាង៧រយលានរៀល។ មិនតែប៉ុណ្ណោះរដ្ឋបាលខណ្ឌ-សង្កាត់ ក៏បានធ្វើការងារ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពគ្រប់ លំដាប់ថ្នាក់ ជាពិសេសគឺគណៈបញ្ជាការ សង្កាត់ព្រែកតាសេក គណៈ បញ្ជាការសង្កាត់ព្រែកលៀប គណៈបញ្ជាការ សង្កាត់ជ្រោយចង្វា និងគណៈបញ្ជាការខណ្ឌជ្រោយចង្វាក្នុងការចូលរួមថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរផងដែរ។
នាឱកាសនោះ លោកក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងណែនាំសូមឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្ត វិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ និងរក្សា៣កុំ ៣ការពារ ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលមកទទួលអំណោយនៅពេលនេះមាន៤០ គ្រួសារតំណាងឲ្យ២២៣គ្រួសារដែល កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់រស់នៅជួបការលំបាកយ៉ាងខ្លាំង ដូចជាគ្មានទឹកស្អាត ប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អងាយ រងគ្រោះជាដើម។
ក្រោយពីតំបន់ជ្រោយចង្វានេះត្រូវបាន រាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដើម្បីធ្វើការអភិវឌ្ឍនៅតំបន់នេះឲ្យទៅជាទីក្រុងរណបថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញ ឃើញថាតំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ៕
ដោយសំរិត