សេចក្តីថ្លែងការណ៍ របស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, ថ្ងៃនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មាននៅប្រទេសកម្ពុជានិងនៅជុំវិញពិភពលោក អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ហើយសម្រាប់ឆ្នាំ២០២១នេះ ទិវាអន្តរជាតិស្តីពីសិទ្ធិទទួលព័ត៌មានរំលេចចេញនូវប្រធានបទ «សិទ្ធិដឹង៖ កសាងឱ្យប្រសើរឡើងវិញជាមួយនឹងសិទ្ធិទទួលព័ត៌មាន» ដោយសង្កត់បញ្ជាក់ថា សាធារណជនត្រូវការព័ត៌មានដែលពិតត្រឹមត្រូវ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមជាស្មារតីដូចតទៅ៖

ស.ស.ស.ក សូមយកឱកាសនេះសម្តែងនូវការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នារៀបចំសេចក្តីព្រាងច្បាប់ស្តីពី«សិទ្ធិទទួលព័ត៌មាន»។ យើងយល់ឃើញថា សង្គមជាទូទៅនិងសម្រាប់បរិបទប្រទេសកម្ពុជាផង ការបណ្តុះបាននូវវប្បធម៌ «ប្រជាធិបតេយ្យចូលរួម» គឺសំខាន់ណាស់ ពីព្រោះការចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទៅ តាមរយៈសារព័ត៌មាន មិនត្រឹមតែអាចបង្កើតបាននូវបរិយាកាសសុខដុមរមនាក្នុងសង្គមជាតិប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យសកម្មភាពនៃការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យប្រព្រឹត្តទៅបានលឿនថែមទៀតផង។ «ប្រជាធិបតេយ្យចូលរួម» គឺមានតម្លៃល្អចំពោះសង្គមជាតិ ផ្ទុយពី «ប្រជាធិបតេយ្យប្រឈមមុខ» ដែលបង្កការបែកបាក់សាមគ្គីជាតិកាន់តែធ្ងន់ ប្រសិនបើបរទេសជំរុញពីក្រោយបន្ថែមទៀតនោះ។ ដូច្នេះ តម្លៃរបស់សារព័ត៌មាន មិនត្រឹមតែស្ថិតនៅលើពាក្យឯករាជ្យនោះទេ គឺស្ថិតលើការផ្សាយការពិត ពីព្រោះមានតែ «ព័ត៌មានពិត» ដែលមានតម្លៃសម្រាប់ការសម្រេចចិត្តត្រឹមត្រូវ សម្រាប់ការសង្គ្រោះជីវិតមនុស្ស និងសម្រាប់ដោះស្រាយបញ្ហានានារបស់សង្គម។ សិទ្ធិនៃការទទួលព័ត៌មាន សិទ្ធិនៃការប្រើប្រាស់ព័ត៌មាន ពិតជាត្រូវតែផ្សាភ្ជាប់ជាមួយនឹងក្រមសីលធម៌នៃការផ្សព្វផ្សាយ ការទទួលខុសត្រូវ និងបុព្វហេតុជាតិផងដែរ។ យើងក៏ត្រូវមានស្មារតីជាតិថា យើងប្រើប្រាស់ «សិទ្ធិទទួលព័ត៌មាន» ដើម្បីបុព្វហេតុនៃប្រទេសជាតិរបស់យើង មិនមែនដើម្បីយកព័ត៌មានទៅបម្រើឱ្យមនោគមន៍វិជ្ជាបរទេសណាឡើយ។

ស.ស.ស.ក សូមទាញការចាប់អារម្មណ៍ថា នៅក្នុងបរិបទសេដ្ឋកិច្ចសកលឌីជីថល គឺប្រទេសអ្នកមាន កាន់តែមានលទ្ធភាពនៅក្នុងការស្រូបទាញយកយ៉ាងលឿននូវផលប្រយោជន៍គ្រប់យ៉ាង ពីបណ្តាប្រទេស
កំពុងអភិវឌ្ឍន៍ តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ អ្នកនយោបាយនៃប្រទេសជឿនលឿនទាំងនោះ មិនចង់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានច្បាប់ជាតិ ដើម្បីគ្រប់គ្រងផលប្រយោជន៍សេដ្ឋកិច្ច
តាមរយៈអ៊ីនធីណិត និងអនឡាញនោះទេ ដោយគេខិតខំបង្វែរថា ការបង្កើតច្បាប់អ៊ីនធឺណិត ឬច្បាប់នានាទាក់ទិននឹងព័ត៌មានវិទ្យា គឺជាការរារាំងសិទ្ធិសេរីភាពព័ត៌មានទៅវិញ។ យើងទាំងអស់គ្នាអាចសាកល្បងវាយតម្លៃ ថាតើក្នុងមួយថ្ងៃៗ មានលំហូរហិរញ្ញវត្ថុ (លុយ) របស់ប្រជាជនកម្ពុជាចំនួនប៉ុន្មាន ដែលត្រូវចំណាយលើការប្រើសេវាអ៊ីនធឺណិតនិងអនឡាញ? គឺរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ។ តើលុយទាំងនោះ ធ្លាក់ត្រង់ទៅចំណូលជាតិ ឬហូរចេញដោយផ្ទាល់ទៅបរទេសដោយគ្មានឆ្លងកាត់ការបង់ពន្ធ? លើសពីនេះ យើងទាំងអស់គ្នាក៏គប្បីស្វែងយល់បន្ថែមថា ទិន្នន័យរបស់យើងម្នាក់ៗដែលបានបញ្ចូលទៅក្នុងអ៊ីនធឺណិត និងបណ្តាញសង្គមនានា ដែលមានប្រព័ន្ធផ្ទុកទិន្នន័យនៅឯបរទេស គឺយើងមិនមានលទ្ធភាពគ្រប់គ្រងទាំងស្រុងបាននោះទេ ដែលនេះជាក្តីបារម្ភដ៏ធំលើសុវត្ថិភាពព័ត៌មាន និងអធិបតេយ្យព័ត៌មាន។ នេះមិនទាន់រាប់បញ្ចូលករណីក្លែងបន្លំអត្តសញ្ញាណតាមអ៊ីនធឺណិត ដើម្បីការបោកប្រាស់ ការប្រមាថកាតទាន និងអំពើអាណាចារ ដែលប៉ះពាល់តម្លៃសង្គមជាច្រើនករណីនោះផង។ យើងចេះប្រើប្រាស់អ៊ីនធឺណិត ក៏ប៉ុន្តែយើងមិនបានដឹងសព្វគ្រប់ពីភាពគ្រោះថ្នាក់របស់វានោះឡើយ។

ស.ស.ស.ក ក៏សូមទាញការចាប់អារម្មណ៍ដែរថា បច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមបញ្ហាធំ២គឺ៖ ការបន្តយាយីដោយជំងឺសកលកូវីដ-១៩ និងការប្រកួតប្រជែងគ្នាខាងភូមិសាស្ត្រនៃមហាអំណាច ដែលទាមទារឱ្យយើងទាំងអស់គ្នា ត្រូវតាមដានជាប់ជាប្រចាំ អំពីសភាពការណ៍វិវត្តន៍ប្រែប្រួលឥតឈប់ឈរ នៃបញ្ហាតំបន់និងពិភពលោក។ បញ្ហាធំទាំងពីរនេះនឹងបន្តវិវត្តន៍ទៅមុខ មានលក្ខណៈស្មុគស្មាញពិបាកព្យាករណ៍ ហើយពិបាកនឹងវាយតម្លៃពីទីបញ្ចប់របស់វា។ សម្រាប់ម្ចាស់នៃប្រទេសជាតិ សេចក្តីត្រូវការរបស់យើងគឺ ព័ត៌មានពិតដើម្បីបញ្ចៀស ដោះស្រាយ និងកែលម្អជីវភាពសង្គម។ ផ្ទុយទៅវិញ សម្រាប់បរទេស គេមានលទ្ធភាពបង្កើតព័ត៌មាន និងមានលទ្ធភាពពង្រីកការផ្សព្វផ្សាយ មិនត្រឹមការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏មានលទ្ធភាពផ្សព្វផ្សាយដើម្បីបំភ័ន្តនិងបំផ្លាញផងដែរ ទាំងការបំផ្លាញនូវស្មារតីសាមគ្គីឯកភាពជាតិ និងអាចឈានទៅបំផ្លាញស្មារតីសាមគ្គីអន្តរជាតិផងដែរ។ នេះគឺជាសមរភូមិព័ត៌មានដ៏គ្រោះថ្នាក់ក្នុងបរិបទនៃសង្គ្រាមភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលយើងត្រូវមានស្មារតីរលឹកដឹងជាប្រចាំ និងការពារផលប្រយោជន៍ជាតិរបស់យើងជានិច្ច។

ស.ស.ស.ក សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន អ្នកនិយមប្រើប្រាស់បណ្តាញសង្គម និងសាធារណជន ឲ្យបន្តចូលរួមប្រើប្រាស់សិទ្ធិទទួលព័ត៌មាន ក្នុងឧត្តមគតិផ្សព្វផ្សាយដើម្បីរួមចំណែកបង្កើនចំណេះដឹងអំពី ការពារសុវត្ថិភាពអាយុជីវិតពីជំងឺកូវីដ-១៩ និងបន្តផ្សព្វផ្សាយដើម្បីបណ្តុះ «ស្មារតីជាតិនិយម» របស់ប្រជាជាតិយើងឱ្យកាន់តែរឹងមាំ។ សូមបន្តប្រើប្រាស់លំហរសេរីភាពព័ត៌មាន ដើម្បីចូលរួមផ្សព្វផ្សាយអំពីតម្លៃ «សន្តិភាព» និងមរតកវប្បធម៌ល្អប្រពៃថ្លៃថ្នូររបស់ប្រជាជាតិយើង ទៅកាន់ពិភពលោក។ សកម្មភាពរបស់យើងថ្ងៃនេះ មានគុណតម្លៃដ៏ធំធេងក្នុងការលើកតម្កើងតម្លៃជាតិរបស់យើង សម្រាប់យើងទាំងអស់គ្នាទាំងនៅបច្ចុប្បន្ន និងតទៅអ្នកជំនាន់ក្រោយរបស់យើង។
ស.ស.ស.ក សូមចូលរួមអបអរសារទរជាថ្មីម្តងទៀតជាមួយប្រជាជនកម្ពុជា ជាពិសេសសូមថ្លែងនូវការកោតសរសើរនិងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធ ដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងវិធានការបង្ការ ទប់ស្កាត់ ព្យាបាល និងការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ នៅប្រទេសកម្ពុជា ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឱ្យកោតសរសើរនោះគឺ បានធ្វើឱ្យប្រជាជនជិត១០០% ទទួលបានវ៉ាក់សាំងការពារជំងឺកូវី-១៩។ លទ្ធផលនេះ គឺជាសក្ខីភាពបង្ហាញពីការចូលរួមរបស់ប្រជាជនរួមជាមួយ រាជរដ្ឋាភិបាល និងឆ្លុះបង្ហាញពី «សមត្ថភាពជាតិ យើងក្នុងការជម្នះការលំបាក» ដើម្បីអនាគតដ៏ប្រសើររួមគ្នាតទៅមុខ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print