ក្រសួង​សុខាភិបាល​ថៃ៖ អ្នកជំងឺកូវីដ​-១៩​ បន្តស្លាប់ជាង​១០០នាក់,​ ខណៈ​រកឃើញអ្នកឆ្លងថ្មី​ជាង​ មួយ​ម៉ឺន​នាក់បន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់សារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៤១៤ករណីបន្ថែមទៀត ,ខណៈ​រកឃើញអ្នកជំងឺចំនួន ១២២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

បើតាមក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា​៖​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១០,២៣៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៧៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ១១,៥៨០នាក់ ក្រោយព្យាបាលជាសះស្បើយ​ ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៩លានដូស ក្នុងនោះប្រជាជនជាង ១៨លាននាក់ (២៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

បច្ចុប្បន្ន​ប្រទេសថៃ​ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥៩១,៨២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៦២០នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៤៥៩,៧៨៦នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print