ខេត្តស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកមាន វិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មី Delta ៣នាក់ដែលបម្រើការងារនៅធនាគារអេស៊ីលីដាសាខាស្រុកស្វាយទាប សាខាក្រុងបាវិត និងបុគ្គលិកអាហារដ្ឋានសួនទឹកគជ់ស្វាយព្រៃ ស្ថិតនៅក្រុងស្វាយរៀង។
ក្រុមការងារស្រាវជ្រាវនិងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ខេត្តបានបញ្ជាក់ទៀតថា ទីតាំងទី១គឺនៅធនាគារអេស៊ីលីដាសាខាស្រុកស្វាយទាប ស្ថិតក្នុងស្រុកស្វាយទាប ដោយរកឃើញបុគ្គលិក មានវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មី Delta ចាប់ពីថ្ងៃវិជ្ជមានដំបូងថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១ និងទីតាំង
ធនាគារអេស៊ីលីដាសាខាបាវិត ស្ថិតនៅ ក្រុងបាវិត បានរកឃើញបុគ្គលិកមានវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មី Delta ចាប់ពីថ្ងៃវិជ្ជមានដំបូង ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១។
ចំណែកទីតាំងទី៣នៅអាហារដ្ឋានសួនទឹកគជ់ស្វាយព្រៃ ស្ថិតនៅក្រុងស្វាយរៀង
ដោយរកឃើញបុគ្គលិកមានវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មី Delta ចាប់ពីថ្ងៃវិជ្ជមានដំបូងទី២៧ខែកញ្ញាឆ្នាំ២០២១។ ហេតុនេះសូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលសូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន ហើយស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកដែលនៅជិតផ្ទះ ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគវីដ-១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន