អន្តរជាតិ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនិងលោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីក្រិក កាលពីថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ២០២១នេះ ក្រោយការចុះកិច្ចព្រមព្រៀងទិញលក់នាវាចម្បាំងបារាំងក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៥១ពាន់លានដុល្លារ យ៉ាងដូច្នេះថា៖ អឺរ៉ុប ត្រូវតែឈប់ឆោត នៅពេលត្រូវការពារផលប្រយោជន៍ និងពង្រឹងសមត្ថភាពយោធាខ្លួន។
ជាក់ស្ដែងលោក ម៉ាក្រុង បានសង្កត់ធ្ងន់ «អឺរ៉ុប ត្រូវតែឈប់ឆោតទៀត»។ លោកប្រធានាធិបតីបារាំងរូបនេះ បានបន្ថែមថា នៅពេលអឺរ៉ុបស្ថិតក្រោមសម្ពាធពីប្រទេសធំៗ អឺរ៉ុប គួរតែប្រតិកម្ម និងបង្ហាញពីអំណាច និងសមត្ថភាព ដើម្បីការពារខ្លួន។
ប្រធានាធិបតីបារាំង បានគូសបញ្ជាក់ទៀតថា វាមិនមែនធ្វើឱ្យជម្លោះកាន់តែរីកធំឡើយ ប៉ុន្តែវាគ្រាន់តែជាសកម្មភាពការពារខ្លួនប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វាក៏មិនមែនប្រឆាំងអាម៉េរិក ឬជំនួសអាម៉េរិកអ្វីឡើយ តែនេះគឺជាការទទួលខុសត្រូវរបស់អឺរ៉ុប នៅក្នុងបក្សសម្ព័ន្ធយោធាណាតូ។
សូមជម្រាបថា បន្ទាប់ពីទំនាក់ទំនងការទូតបារាំង ជាមួយសម្ព័ន្ធមិត្តមានអាមេរិក, អង់គ្លេស និងអូស្រ្តាលី បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលប្រទេសទាំង៣នេះ បានឯកភាពលើការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលី។ ចំណែកប្រទេសបារាំងវិញ មិនពេញចិត្តលើរឿងនេះឡើយ ព្រោះមិត្តទាំងពីរ រកស៊ីកាត់មុខខ្លួន ដោយមិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន លោក អេម៉ានុយអែល ម៉ាក្រុង មេដឹកនាំបារាំង បានជំរុញឱ្យអឺរ៉ុប កាន់តែមានស្វ័យភាពពីអាមេរិក។
ដោយឡែកបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ក្នុងជំនួបរវាងមេដឹកនាំបារាំង និងក្រិក រដ្ឋាភិបាលក្រុងអាថែន បានឯកភាពទិញនាវាចម្បាំងចំនួន៣គ្រឿង ដោយភ្ជាប់ជាមួយជម្រើសអាចទិញនាវាចម្បាំងបានមួយគ្រឿងទៀត។ ក្នុងកិច្ចព្រមព្រៀងមានតម្លៃសរុបប្រមាណជាង៣ពាន់លានដុល្លារ។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រិក កន្លងមកបានកម្ម៉ង់ទិញយន្តហោះចម្បាំង Rafale ពីបារាំងប្រមាណ ២៤គ្រឿងដែរ។ ក្រិកជាប្រទេសអឺរ៉ុបតែមួយគត់ ដែលបានកម្មង់ទិញយន្តហោះចម្បាំង Rafale។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីក្រិក តាមរយៈកិច្ចព្រមព្រៀងទិញយន្តហោះ និងនាវាចម្បាំងនេះ បានយល់ថា វានឹងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរបន្ថែមទៀត ហើយវាក៏ជួយការពារផលប្រយោជន៍របស់ក្រិកផងដែរ៕ដោយ៖ ស តារា
រូបថត AFP