សមត្ថកិច្ចខណ្ឌដង្កោ​បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ​ដេីម្បីកាត់ទោស​ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោបានបញ្ជូនខ្លួនជនសង្ស័យ៥នាក់ជាមុខសញ្ញាវាយប្លន់យកទ្រព្យសម្បត្តិនៅពេលរាត្រីទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​នាថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០២១​នេះដេីម្បីផ្ដន្ទាទោសតាមច្បាប់​ ។
​ គួររំលឹកផងដែរថា៖​ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1lR-0035 ចេញពីធ្វើការរោងចក្រស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីត្រឡប់ទៅផ្ទះដែលស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

​ ពេលជនរងគ្រោះជិះម៉ូតូតាមផ្លូវបេតុង៥០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏មានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ទី១ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1L-3104 និងទី២ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ បានជិះទៅអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ រួចក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះផ្តួល រួចដេញវ៉ៃជនរងគ្រោះរត់បានចម្ងាយប្រហែល១០ម៉ែត្រ ក្រុមជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។ បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ។
​ រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីព្រឹក ក្រុមជនសង្ស័យខាងលើបានប្រមូលផ្តុំគ្នាជិះម៉ូតូដើររកធ្វើសកម្មភាពវាយប្លន់យកម៉ូតូម្តងទៀតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យមានការសង្ស័យក៏ដេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហាន ហ៊ីម រួមនិឹងវត្ថុតាងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1L-3104 ១គ្រឿងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ។
បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌដង្កោយកជនសង្ស័យឈ្មោះ ហាន ហ៊ីម និងវត្ថុតាង ទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រួចសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានចំនួន៤នាក់ទៀតនៅចំណុចផ្ទះជួលក្នុងភូមិឫស្សី និងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រួមនិឹងវត្ថុតាងកាំបិតដងជ័រទំហំ២ធ្នាប់ដៃ ប្រវែង២៥សង់ទីម៉ែត្រចំនួន​១យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេនិងបក្ខពួកពិតជាបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន​ និងធ្លាប់ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូនៅកន្លែងផ្សេងៗជាច្រើនទៀត។

​ ក្រោយពីធ្វើការសាកសួររួច កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទាំង៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២១ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។

​ សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ពៅ វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ទី១-ឈ្មោះ ផុន សុធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, ទី២-ឈ្មោះ ចូច រ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, ទី៣-ឈ្មោះ ជា សុខជីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, ទី៤-ឈ្មោះ ហាន ហ៊ីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, ទី៥-ឈ្មោះ សយ វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print