ភ្នំពេញ, នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Big C Supercenter (Cambodia) Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Beril Jucker Public Company Limited (BJC) ប្រទេសថៃ ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីគម្រោងវិនិយោគផ្សារទំនើប Big C នៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីបានស្តាប់នូវបទបង្ហាញរបស់គណៈប្រតិភូក្រុមហ៊ុន លោករដ្ឋលេខាធិការ បានសម្តែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Big C និងឆ្លៀតក្នុងឱកាសនេះ លោកក៏បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពី «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានគោលដៅចូលរួមចំណែកសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរកាន់តែទូលំទូលាយជាមួយភាគីពាក់ព័ន្ធទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ៕
ដោយ, សិលា