ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈរូបគេកំពុងជិះម៉ូតូមួយគ្រឿងហើយ ត្រូវរថយន្តវីស្តូមួយគ្រឿងបើកបរក្នុងស្ថានភាពស្រវឹងរេចង្កូតទៅបុក ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅធ្លាក់ចូលប្រឡាយទឹកស្អុយលិចពាក់កណ្តាលក្រឡាប់ផ្ងារជើង ។
ហេតុការនេះបង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី៣០ខែមិថុនា២០១៥ នៅលើកំណាត់ផ្លូវលំ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាកវីស្តូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S 0023 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុបាន រេចង្កូតទៅបុកម៉ូតូគុបជ្រុងសេ៧០ ពណ៌ខៀវ ពាក់ស្លាកលេខ ប ០៦៩៩ ភព១ ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ជ្រាស់ទិសគ្នា ចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូ ដួលរងរបួសធ្ងន់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅធ្លាក់ចូលប្រឡាយទឹកស្អុយក្រឡាប់ប៉ះជើងទ្រមេឃ តែសំណាងល្អអ្នកបើករថយន្តមិនមានរងរបួសទេ ។បន្ទាប់មកក៏បើកទ្វារថយន្តលូនចេញមកក្រៅហើយរត់គេចបាត់តែម្តង ។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅ មន្ទីរពេទ្យព្រះកុសុមៈ ចំណែកភាគីខាងរថយន្តបង្កមានតំណាងម្នាក់បានចេញមុខមកដោះស្រាយជំនួស ដោយសារតែភាគីទាំងសងខាងស្គាល់គ្នាបានសម្រួលដោយខាងបង្កចេញថ្លៃព្យាបាលរបួសឲ្យបញ្ចប់រឿង និងស្ទួចយករថយន្តដែលក្រឡាប់យកទៅជួសជុលវិញ ៕
រថយន្តវីស្តូបើកបុកម៉ូតូបណ្តាលឧ្យរបួសម្នាក់ហើយរថយន្តធ្លាក់ទៅផឹកទឹកស្អុយលើកជើងទ្រមេឃ
...