កំពង់ឆ្នាំង ៖ មានកម្មការនី ចំនួន១០នាក់នៅក្នុងរោងចក្រ M និង Vបានដួលសន្លប់ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ នេះ។
រោងចក្រM និង V ជារោងចក្រតម្បាញ មានទីតាំងស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពពីកម្មករបានអោយដឹងថា មុនដំបូងមានកម្មការនីម្នាក់នៅអគា៩ បានដួលសន្លប់មុនគេ បង្ករអោយមានការភ្ញាក់ទៅដល់អគា១០ ហើយបណ្តាលអោយកម្មការនីផ្សេងទៀត មានការភ័យរន្ធត់ក៏ដួលសន្លប់តៗគ្នាតែម្តង ។
កម្មការនីដែលបានដួលសន្លប់នោះ មាន៩នាក់ត្រូវបានជួយសង្គ្រោះដោយពេទ្យរោងចក្រ រីឯម្នាក់ទៀតដែលមានអាការះធ្ងន់ជាងគេ ត្រូវបានបញ្ជូនទៅសង្គោះនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ។
កន្លងមកនេះរោងចក្រMនិងVតែងតែមានកម្មករ កម្មការនីដួលសន្លប់ជាញឹកញាប់ដោយសារបរិយាកាស ក្នុងរោងចក្រនេះ ដែលចេះតែធ្វើអោយកម្មករ កម្មការនីដួលសន្លប់បែបនេះ ពិសេសគឺច្រើននៅខែនេះតែម្តង ។
នៅពេលនេះកម្មការនីដែលដួលសន្លប់បានធូស្រាលវិញហើយ ដែលតាមការអះអាងរបស់គ្រូពេទ្យ កម្មការនីដែលដួលសន្លប់នេះដោយសារខ្សោយ ៕