ខេត្តតាកែវ៖ គេរាយការណ៍ថា ល្បែងស៊ីសងនៅស្រុកអង្គរបុរី ខេត្តតាកែវដែលល្បីល្បាញជាយូរមកហើយនោះនៅតែដំណើរការជាធម្មតា ដោយគ្រាន់តែមិនជាប់ពាក់ព័ន្ធជាមួយមន្ត្រីយោធាក្នុងស្រុកនេះតែប៉ុណ្ណោះ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីសម្រាកមួយរយៈ ល្បែងស៊ីសងច្រើនមុខ ដូចជាអាប៉ោង បៀរ យូគី មាន់ជល់ ខ្លាឃ្លោក ស្ថិតក្នុងភូមិសាស្ត្រភូមិសាមគ្គី ឃុំអង្គរបុរី ស្រុកអង្គរបុរី បានដំណើរការឡើងវិញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ល្បែងស៊ីសងនៅទីតាំងខាងលើបានបើកលេងខួបប្រាំង ខួបវស្សា ដោយមិនមានសមត្ថកិច្ចជំនាញ ឬអាជ្ញាធរដែនដីបង្ក្រាបនោះឡើយ ។ ប្រភពបានបន្ថែមថា បន្ទាប់ពីសារព័ត៌មាននគរវត្តបានចុះផ្សាយ នោះអាជ្ញាធរខេត្តតាកែវបានបញ្ជាឲ្យអាជ្ញាធរស្រុកអង្គរបុរីផ្អាកសកម្មភាព វង់ល្បែងស៊ីសងអនាធិបតេយ្យទាំងនោះ ។ ប៉ុន្តែបានមួយរយៈពេលខ្លី វង់ល្បែងស៊ីសងនោះបានចាប់ផ្តើមដំណើរការឡើងវិញ ដែលដំបូងឡើយត្រូវគេអះអាងថា ក្រោមការចាត់ចែងរបស់មន្ត្រីយោធាស្រុក ឈ្មោះ ហួន ថន ។
លោក ហួន ថន មេបញ្ជាការរងយោធាស្រុកអង្គរបុរីបានអះអាងថា លោកមិនពាក់ព័ន្ធនឹងវង់ល្បែងស៊ីសងខាងលើនេះទេ ។ និយាយរួមទៅ លោកគ្មានសមត្ថកិច្ចអ្វីជាមួយនឹងវង់ល្បែងនោះឡើយ ។ លោកបញ្ជាក់ថា ជួនកាលបានឆ្លងកាត់កន្លែងជល់មាន់ ឬក៏ធ្វើដំណើរឆ្លងកាត់វង់ល្បែងផ្សេងៗ ប៉ុន្តែមិនបានចាប់អារម្មណ៍ ឬក៏ពាក់ព័ន្ធជាមួយវង់ល្បែងនេះឡើយ។
សម្រាប់ប្រជាពលរដ្ឋមួយចំនួនធំនៅស្រុកអង្គរបុរីដែលមិននិយមលេងល្បែងស៊ីសងរំពឹងថា អាជ្ញាធរខេត្តនឹងចាត់វិធានការក្តៅដើម្បីបង្ក្រាបវង់ល្បែងស៊ីសងនេះដល់ឫសគល់ ប្រយោជន៍គោរពឲ្យបាននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។ និយាយរួមទៅវង់ល្បែងនៅកណ្តាលទីរួមស្រុកអង្គរបុរី បង្កហានិយភ័យច្រើនណាស់ដល់ប្រជាពលរដ្ឋ ៕
ល្បែងស៊ីសងនៅស្រុកអង្គរបុរីដំណើរការជាធម្មតា គ្រាន់តែមិនជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធា
...