វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហុកគីបញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពនិងរូបភាព៖ ពីYuen_Punlue ផ្សាយដោយផេក (Cambodia SEA GAMES 2023)

#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់ឲ្យដឹងថា, វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគី កម្រិត១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីដំណើរការ១សប្តាហ៍មកនេះ។

វគ្គសិក្សានេះមានសិក្ខាកាមជាគ្រូបង្វឹក និងកីឡាការិនីជម្រើសជាតិសរុបចំនួន ២៥នាក់ ក្នុងនោះមាននារី១៧នាក់ ដោយបង្ហាត់បង្រៀនពីគ្រូឧទ្ទេសបរទេស៣នាក់តាមប្រព័ន្ធ Zoom ជាជនជាតិប៉ាគីស្ថាន ២នាក់ និងគ្រូអេហ្ស៊ីបម្នាក់។ គណៈគ្រប់គ្រងវគ្គនេះបានវាយតម្លៃលើការសិក្សារបស់សិក្ខាកាម ដោយនិទ្ទេសល្អណាស់ ៣៥% និទ្ទេសល្អ ៤០% និងនិទ្ទេសមធ្យម ២៥%។

លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការខិតខំក្រេបជញ្ជក់ចំណេះដឹងរបស់លោកគ្រូ អ្នកគ្រូ កីឡាការិនីជម្រើសជាតិដឹងពីគ្រូឧទ្ទេសបរទេស។ វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ដែលសហព័ន្ធមានឱកាសទទួលបានការបណ្ដុះបណ្ដាលនេះ ហើយតាមរយៈវគ្គនេះ គឺជាចំណែកដ៏សំខាន់ផងដែរ ដើម្បីឲ្យសហព័ន្ធពង្រីកវិសាលភាពកាន់តែធំ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សហព័ន្ធកីឡាហុកគីកម្ពុជាទទួលបានកិត្តិយស សម្រាប់ដំណើរឆ្ពោះទៅ ស៊ីហ្គេម ២០២៣នេះ បន្ទាប់ពីការសម្រេចពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោកអគ្គលេខាធិការបន្ថែមថា «ដូច្នេះ សហព័ន្ធក៏បានដាក់ផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការបង្កើនសមត្ថភាពធនធានមនុស្សកីឡាហុកគីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឆ្លងកាត់តាមរយៈវគ្គសិក្សារយៈពេល៧ថ្ងៃនេះ សហព័ន្ធដាក់ក្តីសង្ឃឹមថា នឹងអាចពង្រីក និងបំផុសចលនាកីឡាហុកគីឲ្យកាន់តែទូលំទូលាយ។ កាលណាមានអ្នកស្រឡាញ់ច្រើន លេងច្រើនលើប្រភេទកីឡាអូឡាំពិកមួយនេះ ពេលនោះសហព័ន្ធក៏អាចស្វែងរកបានធនធានកាន់តែសម្បូរបែប និងកាន់តែមានគុណភាពរឹងមាំផងដែរ ខណៈការចូលរួមប្រកួតលក្ខណៈអន្តរជាតិក៏យើងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ។ សម្រាប់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺសហព័ន្ធដាក់ក្តីសង្ឃឹមថា ក្រុមជម្រើសជាតិកីឡាហុកគីកម្ពុជានឹងទទួលបានលទ្ធផលប្រសើរដែរ។ ប្រសិនបើយើងមិនទទួលបានការបណ្តុះបណ្តាល មិនបានផ្សព្វផ្សាយទេ លទ្ធផលនៃដំណើរការអភិវឌ្ឍក៏មិនទទួលបាន លទ្ធផលល្អនោះទេ»។

សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគីកម្រិត១នេះអាចដំណើរការបាន តាមរយៈការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក (OS) ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) និងគ្រូឧទ្ទេសផ្តល់ដោយសហព័ន្ធកីឡាហុកគីអន្តរជាតិ (FIH)។ វគ្គគ្រូបង្វឹកកីឡាហុកគីនេះ ផ្តោតសំខាន់លើមេរៀនសំខាន់ៗដូចជា សេចក្តីផ្តើមនៃកីឡាហុកគី តួនាទីគ្រូបង្វឹក ការគ្រប់គ្រងហានិភ័យ (Risk Management) ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើប្រាស់សារជាតិញៀន (Anti-Doping) បទបញ្ជាការប្រកួតហ្គេម ការស៊ុតបាល់ ការបញ្ជូនបាល់ ការទទួល ការស៊ុតបញ្ចូលទី ការការពារ និងអ្នកចាំទីជាដើម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print