ខេត្តសៀមរាប, នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សសយក យុវជនកាកបាទក្រហម និងប្រជាការពារក្នុងកិច្ចការពារសុខភាពប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់ដើម្បីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
រដ្ឋបាលខេត្តលើកឡើងថា, បន្ទាប់ពីរដ្ឋបាលខេត្តកំណត់តំបន់លឿងទុំ និងតំបន់ក្រហមក្នុងភូមិស្ត្រក្រុងសៀមរាប រយៈពេល២សប្តាហ៍ នៃខែកញ្ញា ឆ្នាំ២០២១ ក្នុងក្រុងសៀមរាបកន្លងមកនេះ រដ្ឋបាលខេត្តក៏បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីការពារសុខភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចេញពីសហគមន៍។
ជាមួយនឹងយុទ្ធនាការនេះ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សសយក យុវជនកាកបាទក្រហមដែលបានយកអស់កម្លាំងកាយចិត្តក្នុងការការពារសុវត្ថិភាព និងការពារសុខសុវត្ថិភាពជូនបងប្អូនក្នុងការបិទខ្ទប់រយៈពេលពីសប្តាហ៍កន្លងទៅនេះ។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបន្តអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានការនានារបស់អាជ្ញាធរ ពិសេសបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩ចេញពីសហគមន៍យើង។
រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្តនូវវិធានការនានាដែលបានដាក់ចេញ ទន្ទឹមនឹងនេះ ប្រសិនជាបងប្អូនប្រជាពលរដ្ឋមិនបានចូលរួមសហការជាមួយអាជ្ញាធរ រដ្ខបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយនឹងឈានដល់ទៅការបិទខ្ទប់សារជាថ្មីម្តងទៀត៕
ដោយ, សិលា