ភ្នំពេញ៖ យ៉ាងហោចណាស់អ្នកជំងឺដែលប្រឈមនឹងបញ្ហាជីវភាពចំនួន៣រូបទទួលបាននូវអំណោយសប្បុរធម៌ពីសំណាក់ ព្រះអង្គនី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤នៃវត្តនាគវ័ន និងសប្បុរសជនមួយចំនួនទាមរយៈព្រះអង្គ។ ការចែកទានសម្រួលជីវភាពប្រចាំថ្ងៃខ្លះនេះបានរៀបចំធ្វើឡើងកាលពីចុងខែមីនាឆ្នាំ២០១៦កន្លងទៅនៅក្នុងបរិវេនមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យព្រះសង្ឃ។
ជនរងគ្រោះទី១គឺអ៊ុំស្រីឈ្មោះពុធ សំបុករ ស់នៅសង្កាត់ភ្លើងឆេះរទេះខណ្ឌសែនសុខ រងគ្រោះដោយធ្លាក់ពីលើផ្ទះ៣ជាន់។ ទី២គឺអ្នកជំងឺឈ្មោះ លោកឆាន់ ឃ្លោក មានជំងឺបូសថ្លើមនៅខេត្តព្រៃវែង និងទី៣គឺអតីតសិល្បករអ្នកស្រី មាស ហ៊ុនណា ជាបុគ្គលិកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។
មានសង្ឃដីកាប្រាប់អ្នកយកព័ត៌មានយើងព្រះអង្គនី សុវណ្ណមុនីរ៉េតដែលតែងតែពាំនាំយកអំណោយរបស់លោកស្រីសៀង ចាន់ហេង និងអំណោយមួយផ្នែកខ្លះរបស់ព្រះអង្គបានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាកចំពោះបងប្អូនទីទាល់ក្រប្រមាណជា៣រូប ពិសេសអ៊ុំស្រីម្នាក់ឈ្មោះពុធ សំបុក រស់នៅសង្កាត់ភ្លើងឆេះរទេះខណ្ឌសែនសុខរងគ្រោះដោយធ្លាក់ពីលើផ្ទះបីជាន់។ព្រះអង្គមានសង្ឃដីការថាព្រះអង្គមានអារម្មណ៍តក់ស្លត់ជាពន់ពេកពេលទទួលដំណឹងថាអ៊ុំស្រីដែលបានធ្វើការសំណង់ហើយក៍ត្រូវផុងជើងធ្លាក់មកដីយ៉ាងលឿននិងមិននឹកស្មានដល់។ ព្រះអង្គមានសង្ឃដីការបន្តថា បច្ចុប្បន្នអ៊ុំស្រីស្នាក់នៅក្នុងមន្ទីរពេទ្យលោកសង្ឃដោយខាងមន្ទីរពេទ្យមិនបានយកប្រាក់ព្យាបាលអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយក៍ត្រូវការជំនួយដែរយោងទៅលើអ្នកម្តាយរបស់គាត់ចាស់ជរាហើយបានស្លាប់ចោលទៀតទើបមកធ្វើការសំណង់។ ព្រះអង្គមានសង្ឃដីការដែរថា ជនរងគ្រោះធ្វើការសំណង់ដើម្បីបានប្រាក់សងគេព្រោះជំពាក់បំណុលគេតាំងពីបុណ្យ៧ថ្ងៃម្តាយរួចក៍ខំធ្វើការដោះបំណុលតែបែជាជួបរឿងហេតុជាន់គ្នាគួរឲ្យអាណិត។ ស្របពេលជាមួយគ្នានេះអំណោយដែលយកមកជូនជនរងគ្រោះធ្លាក់ពីលើផ្ទះមានអំណោយរបស់ឧបាសិកាសៀង សុខហឿង ម្តាយរបស់លោកស្រីសៀង ចាន់ហេង ព្រមទាំងអំណោយព្រះអង្គមានជាទឹកប្រាក់ចំនួន៣លានរៀល និងសម្ភារៈមួយចំនួនទៀតសម្រាប់ដោះទុក្ខបានមួយគ្រា។ បន្ថែមពីលើនេះអ្នកជំងឺគឺលោកឆាន់ ឃ្លោក មានជំងឺបូសថ្លើមនៅខេត្តព្រៃវែងអាត្មាបានជួយជាថវិកា៤០ម៉ឺនរៀលព្រមទាំងអ៊ុំស្រីម្នាក់ទៀតអតីតជាអ្នកសិល្បៈមានឈ្មោះមាស ហ៊ុនណា ជាបុគ្គលិកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញដោយទទួលបានថវិកាចំនួន៤០ម៉ឺនរៀលដែរ។
ព្រះតេជគុណដែលតែងលេចមុខក្នុងកម្មវីធីសង្គម និងសប្បុរសធម៌អង្គនេះបានមានសង្ឃដីការថា ប្រការដែលព្រះអង្គនិងសប្បុរសជនខាងលើតែងតែធ្វើដំណើរចែកទានគ្រប់ទិសទីមិនខ្លាចនឿយហត់ក៏ព្រោះថាចង់ជួយចែករំលែកទុក្ខលំបាករបស់ប្រជាជនយើងខ្លះគ្រាដែលរាជរដ្ឋាភិបាលយើងបានគិតគូយើងជាថ្នាក់ក្រោមក៏ជួយគិតគូមួយផ្នែកជាការធូរស្រាលខ្លះដែរ។ ម្យ៉ាងទៀតការធ្វើនូវអំពើល្អបានស្តែងឲ្យឃើញនូវទឹកចិត្តជ្រះថ្លាអារម្មណ៍ហាក់ដូចជាយើងកាន់តែទទួលបានបុណ្យកុសល។
ព្រះអង្គមានសង្ឃដីការថា មានតែសាងល្អទេដែលជាផ្លូវធ្វើឲ្យយើងស្ងប់ ហើយអ្វីដែលយើងធ្វើបានក្នុងសភាពល្អគួរតែខំរំលេចឡើងព្រោះពេលវេលាមិនរង់ចាំទេសាងអ្វីល្អៗនោះអ្នកដទៃអាចយកគំរូតាមផងដែរ៕
ដោយ៖ វឌ្ឍនា