ទឹកជំនន់បន្តកើនឡើង អាជ្ញាធរស្រុកប្រកាសផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នលើផ្លូវលេខ៥០សេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អភិបាលស្តីទី ស្រុកកំពង់លែង លោក ចេង ចាន់ដូណា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ បានប្រាប់តាមទូរស័ព្ទដោយបញ្ជាក់ថា ផ្លូវលេខ៥០សេ ក្នុងភូមិសាស្រ្ត ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានប្រវែងជាង១៣គីឡូម៉ែត្រ នៅពេលនេះអាជ្ញាធរបានផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន ដើម្បីធានាបានសុវត្ថិភាព និង រក្សាគុណភាពផ្លូវ ។
ការផ្អាកជាបណ្តោះអាសន្នចំពោះការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនាពេលនេះ គឺបន្ទាប់ពីផ្លូវលេខ៥០សេនេះ ត្រូវបានទឹកជំនន់បន្តកើនឡើងខ្ពស់ បណ្តាលឱ្យលិចផ្លូវប្រវែងប្រមាណជាង៥០០ម៉ែត្រ ដោយលិចក្នុងកម្ពស់ប្រមាណជាង២តឹក ។ ដូច្នេះដើម្បីរក្សានូវសុវត្ថិភាព និង រងការខូចខាតពីការធ្វើដំណើរឆ្លងកាត់ អាជ្ញាធរស្រុកបានសម្រេចចេញសេចជូនដំណឹង កាលពីល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នសិន ។
លោក ចេង ចាន់ដូណា អភិបាលស្តីទីស្រុកកំពង់លែង បានបន្តថា ប្រសិនបើទឹកជំនន់ នៅតែបន្តហក់ឡើងទៀតនោះអាជ្ញាធរស្រុកនឹងបន្តបិទការធ្វើដំណើរតាមរយៈម៉ូតូនិងរថយន្ត រហូតដល់ទឹកជំនន់នេះស្រកវិញ ។
លោក អភិបាលស្តីទីបានសំណូមពរដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវនេះ ជួយចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ និង មេត្តាយោគយល់អធ្យាស្រ័យដល់អាជ្ញាធរស្រុកក្នុងដំណាក់កាលនេះ ៕


ដោយ÷ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print