ភ្នំពេញ÷ នៅលើ page ហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានពន្យល់ហៅថាវិមជ្ឈការនិងសហវិមជ្ឈការជាកំណែទម្រង់មួយយ៉ាងសំខាន់។ សម្ដេចក្រឡាហោមបានពន្យល់យ៉ាងនេះថា
ខ្ញុំបានសន្យាថានឹងបន្តពិភាក្សាជាមួយបងប្អូនជនរួមជាតិអំពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការដែលជាកំណែទម្រង់ផ្នែកអភិបាលកិច្ចពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹង ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។ អាស្រ័យហេតុនេះ ថ្ងៃនេះខ្ញុំឆ្លៀតពេលដើម្បីបកស្រាយនូវចម្ងល់របស់ បងប្អូនមួយចំនួនអំពីថាតើ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច?
ពាក្យថា “ វិមជ្ឈការ ” ត្រូវបានគេឱ្យនិយមន័យជាទូទៅថា គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ និង ធនធានពីរដ្ឋបាលថ្នាក់កណ្ដាលទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាង ត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ ។
ដោយឡែកពាក្យថា “ វិសហមជ្ឈការ “ សំដៅដល់កិច្ចដំណើរការដែលរដ្ឋបាលថ្នាក់កណ្ដាលផ្ទេរ មុខងារ និងធនធានទៅឱ្យអង្គភាពក្រោមបង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រភេទណាមួយក្នុងបែប ផែនជាការធ្វើប្រតិភូកម្មនូវសិទ្ធិអំណាច ឬក្នុងបែបផែនជាកិច្ចសន្យា ដើម្បីអនុវត្តមុខងារ និងធនធាន ទាំងនោះក្នុងនាមក្រសួង ស្ថាប័នដែលនៅតែមាន តួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធនធាន ទាំងនោះ ។ ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន លើការងារដែលបានប្រតិភូកម្មឱ្យ ។
ជារួម វិមជ្ឈការ កំពុងក្លាយជាមាគ៌ាដ៏ពេញនិយមនៃការអនុវត្តគោលនយោបាយសាធារណៈ នៅតាមបណ្តាប្រទេសភាគច្រើននៅលើសកលលោកទាំងក្នុងក្របខ័ណ្ឌជារដ្ឋសហព័ន្ធ និងរដ្ឋទោលផង ដែរ ។ ទោះបីយ៉ាងនេះក្តី វាពុំមែនជាប្រព័ន្ធដ៏ល្អឥតខ្ចោះដែលគ្មានគុណវិបត្តិនោះឡើយ ក្នុងករណីដែល ប្រព័ន្ធនេះត្រូវបានអនុវត្តដោយមិនផ្អែកជាសំខាន់ទៅលើបរិបទជាក់ស្តែងនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ ។
សម្រាប់កម្ពុជា កិច្ចដំណើរការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោម ត្រូវបានចាប់ផ្តើម និងបន្តអនុវត្តស្របពេលជាមួយគ្នាទាំងក្នុងបែបផែនវិមជ្ឈការ និងវិសហមជ្ឈការក្នុង គោលបំណងធានាទាំងនិរន្តភាព និងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោម ជាតិតាមបែបផែនទាំងពីរនេះក្នុងរយៈពេលកន្លងមក យើងបានសម្រេចនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធ ទៅនឹងការបង្កើតនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែក តាមគោលការណ៏នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងការផ្ទេរមុខងារ និងធនធានពាក់ព័ន្ធ នានាជាច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ។ ទោះបីយ៉ាងនេះក្តី យើងក៏នូវមានបញ្ហាប្រឈម
មួយចំនួនដែលត្រូវបន្តដោះស្រាយទៅមុខទៀតស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបន្តកិច្ចដំណើរ ការកំណែទម្រង់ដ៏មានសារៈសំខាន់នេះឱ្យបានស៊ីជម្រៅបន្ថែមទៀត ។
ខ្ញុំរីករាយនឹងទទួលយកនូវការផ្តល់មតិយោបល់នានា ព្រមទាំងបន្តផ្តល់ពត៌មានពាក់ព័ន្ធនឹង ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនបងប្អូនជនរួមជាតិ ជាបន្តបន្ទាប់ទៀត ដើម្បីបន្តរួមគា្នសម្រេចឱ្យបាននូវគោលបំណង និងគោលដៅចុងក្រោយនៃកំណែទម្រង់នេះ ៕
សូមអរគុណ