ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជិត ១ពាន់នាក់មកពីភូមិចំនួន៥ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ពីក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំកាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ក្រោមវត្តមានលោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះពង្រឹងឃុំភូមិធំ ។
លោកយឹម សុខុម នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំបានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណដែលត្រូវចែកជូននៅពេលនេះមានចំនួន៩៦៨សន្លឹក មកពីភូមិចំនួន៥ រួមមានភូមិកោះប្រាក់១, ភូមិកោះប្រាក់២ , ភូមិភូមិធំ,ភូមិរទាំង និងភូមិកោះម្អម ។
ក្នុងកម្មវិធីចែកអត្តសញ្ញាណប័ណ្ណនេះដែរលោកម៉ក់ ពេជ្ជរិទ្ធ ប្រធានគណៈពង្រឹងឃុំភូមិធំបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋដូច្នេះថា បន្ទាប់ពីទទួលបានអត្តសញ្ញាណប័ណ្ណត្រូវរក្សាទុកឲ្យបានគង់វង់ព្រោះអត្តសញ្ញាណនេះមានសារៈសំខាន់ណាស់ សម្គាល់ថាយើងជាខ្មែរ និងសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទផ្សេងៗ ដូចជាចូលបំរើការងារក្នុងស្ថាប័នឯកជន អង្គការសង្គម ស៊ីវិល ធ្វើដំណើរចេញទៅក្រៅប្រទេស និងចូលបំរើក្នុងស្ថាប័នរដ្ឋ ។
បន្ទាប់ពីទទួលបានអត្តសញ្ញាណប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ក្រុមការងារដែលជួយជុំរុញដល់ស្ថាប័នជំនាញធ្វើអត្តសញ្ញាណប័ណ្ណបានឆាប់រហ័ស ៕
ដោយ៖ សណ្តោស