ខេត្តមណ្ឌលគិរី៖ អតីតមេបញ្ជាការកងអនុសេនាធំទី៣ស្រុកកោះញ៉ែករងរបួសក្បាលបន្ទាប់ពីហេតុការគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកឈើប្រណិតធ្លាក់ប្រឡាយនៅតាមបណ្តោយផ្លូវជាតិលេខ៧៦ក្បែរសាលាឃុំ ស្រែខ្ទុម ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាវេលាម៉ោងប្រមាណ០៧និង០៥នាទីព្រឹកថ្ងៃទី០២ មេសាឆ្នាំ២០១៦នេះ។
នគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកកែវសីមា បានអោយដឹងថា រថយន្តរងគ្រោះខាងលើម៉ាកលុច្សស៊ីស៣៣០ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ២AB- ៦៩១៩ បើកបរដោយឈ្មោះ ហ៊ឹម សុផាត ភេទប្រុសអាយុ៤២ឆ្នាំ រួមនិងព្រូម្នាក់ទៀតឈ្មោះប៊ុន ឡេង ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
នគរបាលបានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង០២នាក់ រងរបួសស្រាលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ ចំណែករថយន្តដោយសារតែមាន ដឹកឈើប្រណិតផងនោះ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើលិខិតផ្ទេរភារកិច្ចអោយរដ្ឋបាលព្រៃឈើជាអ្នក ប្រមូលវត្ថុតាង យកទៅរក្សាទុកដើម្បីចាត់ការបន្តតាមនិតិវិធី។
ក្នុងហេតុការក្រឡាប់រថយន្តនេះ អ្នកឃើញហេតុការបានអោយដឹងថា គេបានឃើញរថយន្តលុច្សស៊ីសរងគ្រោះថ្នាក់នេះ បោះពួយ យ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៧៦ស្ថិតក្នុងដែនសមត្ថកិច្ចតំបន់ព្រៃអភិរក្សជីវចំរុះសីមា ស្រុកអូរាំងនិងស្រុកកែវសីមា ហើយក៏ឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកត្រាយតុន ជិះដោយកងកម្លាំងអាវុធហត្ថរួមនិងមេព្រៃ តាមពីខាងក្រោយ។ បន្តិចក្រោយមក រថយន្តម៉ាកលុច្សស៊ីស កាន់តែបន្ថែមល្បឿនទៀត រួចក៏ជ្រុលចង្កូតធ្លាក់ផ្លូវទៅខាងឆ្វេងដៃ បុកដើមឈើទៅមុខលែងរួចតែម្តង។
ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចចម្រុះក្នុងមូលដ្ឋានរួមនិងមន្ត្រីជំនាញចុះទៅពិនិត្យ ហើយបានរកឃើញថា រថយន្តដែល ជាកម្មសិទ្ធរបស់ឈ្មោះហ៊ឹម សុផាត បានផ្ទុកឈើប្រណិតប្រភេទបេងចំនួន៤សន្លឹកធំ ផងដែរ។ចំណែកអ្នកបើកបរត្រូវគេឃើញថា នៅមិនទាន់មានការឃាត់ខ្លួនណាមួយពីសំណាក់សមត្ថកិច្ចនៅឡើយទេ។
ប្រធានគំរោងអភិរក្សជីវចំរុះសីមា លោកមាគ វុឌ្ឍី បានអោយដឹងថា ក្នុងករណីប្រដេញចាប់រថយន្តសង្ស័យនេះ គឺមន្ត្រីរបស់ លោកបានសហការគ្នាជាមួយអាវុធហត្ថស្រុកអូរាំង ក្រោយពេលដែលឃើញរថយន្តសង្ស័យខាងលើនេះកំពុង បោះពួយចេញពីស្រុក អូរាំង ឆ្ពោះមកស្រុកកែវសីមានោះ។
ហើយបច្ចុប្បន្នរថយន្តសង្ស័យរួមនិងវត្ថុតាងជាឈើបេង៤សន្លឹកធំៗមានបរិមាណប្រហែល៤ផ្លាន ក៏ត្រូវបានយកមករក្សាទុកនៅស្នាក់ការអភិរក្សផងដែរ។
នៅក្នុងមន្ទីរពេទ្យឯកជនលោក ហ៊ឹម សុផាត ក៏បាននិយាយមកកាន់អ្នកកាសែតថា សូមកុំសរសេរព័ត៏មានផ្សព្វផ្សាយពីលោក ធ្ងន់ៗពេក។
សូមជម្រាបថា ឈ្មោះហ៊ឹម សុផាត ដែលជាតៃកុងរថយន្តដឹកឈើក្រឡាប់នេះ ជាអតីតមេបញ្ជាការកងអនុសេនាធំទី៣(ហៅគ៣) ប្រចាំស្រុកកោះញែក ហើយបច្ចុប្បន្នដោយសារមានការពាក់ព័ន្ធជាមួយនិងរឿងអាស្រូវមួយចំនួនពិសេស ពាក់ព័ន្ធទៅនិងការ សំលាប់សត្វខ្ទីងនៅ ស្រុកកោះញែកកាលពីពេលកន្លងមក ហើយក៏ត្រូវបានដកមកបម្រើតួនាទីជាជំនួយការមេបញ្ជាការ យោ ធាវរះ កាពារព្រំដែនលេខ១០៣ លោក យិន ចន្ទី។
អតីតមេបញ្ជាការគ៣រូបនេះ ត្រូវបានគេបញ្ជាក់ថា ជាមុខសញ្ញារកស៊ីឈើប្រណិតរួមនិងឈើគ្រប់ប្រភេទ ចាប់តាំងពីស្រុកកែវ សីមា រហូតដល់ស្រុកកោះញែក អំឡុងពេលបម្រើកាងារជាយោធាម្នាក់ក្នុងខេត្តមណ្ឌលគិរីនេះ។ហើយតួនាទីទៀតសោត ត្រូវបាន ដំឡើងនិងប្តូរផ្លាស់ជាបន្តបន្ទាប់ ក្នុងរយះពេលយ៉ាងខ្លី។ គួរបញ្ជាក់ថា សមត្ថកិច្ចស្ទើរតែគ្រប់ជំនាញ ព្យាយាមតាមចាប់រថយន្ត ដឹកឈើ របស់គេជាយូរមកហើយ តែមិនដែលចាប់បានទាល់តែសោះ លុះជួបគ្រោះថ្នាក់ចរាចរណ៍នេះ ទើប ចាប់បាន។
ព័ត៍មានចុងក្រោយដែលទទួលបាននៅម៉ោង១០ព្រឹកថ្ងៃដដែល ព្រះរាជអជ្ញារងសាលាដំបូងខេត្តមណ្ឌលគិរីលោក សាន សុភះ ក៏បានដឹកនាំសមត្ថកិច្ចចុះទៅដល់លំនៅស្ថានអតីតមេបញ្ជាការរូបនោះផងដែរ តែលទ្ធផលនៅមិនទាន់ទទូលបាន ព័ត៏មាន នៅឡើយ។ហើយប្រភពក្រៅផ្លូវការមួយទៀតបានអោយដឹងថា លោក ហ៊ឹម សុផាត ក្រោយចេញពីមន្ទីរពេទ្យ ក៏ត្រូវបានគ្រូសារ ដឹកយកទៅខេត្តស្វាយរៀង បាត់ទៅហើយ៕
ដោយ៖ វុទ្ធឦសាន