ឃាត់ខ្លូននាយរងនគរបាលប៉ុស្តិ៍សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោកក្នុងករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបម្រើការងារជានាយរងប៉ុស្តិ៍សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្នុងករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ ដោយមូលហេតុផឹកស៊ីស្រវឹងមានទំនាស់ពាក្យសម្តីគ្នាក៏ដកកាំភ្លើងខ្លីបាញ់គំរាមតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៨នាទីយប់
ថ្ងៃទី០៣ខែតុលាឆ្នាំ២០២១
នៅត្រង់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសសង្ស័យមានឈ្មោះស្រី ទិត្យកក្កដា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយរងនគរបាលប៉ុស្តិ៍សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំុពេញ និងមានទីលំនៅផ្ទះលេខ១៤៤បេអឺ០ហ្សិត ផ្លូវលេខ១៥៦ហ្សិត សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបន្តថា តាមសេចក្ដីរាយការណ៍ថា
នៅផ្ទះរបស់ឈ្មោះ ឡុង ចាន់តូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្ថិតក្នុងភូមិកើតហេតុខាងលើ មានករណីបាញ់បោះសេរីនិងប្រើប្រាស់អាវុធដោយខុសច្បាប់មួយកើតឡើងបង្កដោយជនសង្ស័យម្នាក់ឈ្មោះ ស្រី ទិត្យកក្កដា  បានធ្វើសកម្មភាពយកកាំភ្លើងខ្លីមួយដើមម៉ាក LOCK ពណ៌ខ្មៅលាយប្រផេះ ដែលមានលេខFSL ៩១៨ បាញ់ឡើងលើចំនួន២គ្រាប់។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយតឿ បានចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស្រី ទិត្យកក្កដា បានឆ្លើយសារភាពថា ខ្លួនពិតជាបានបាញ់ចំនួនពីរគ្រាប់ ប្រាកដមែន ដោយសារមូលហេតុផឹកស៊ីស្រវឹងមានទំនាស់ពាក្យសម្តីគ្នាជាមួយឈ្មោះ ឡុង ចាន់តូ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print