ខេត្តកែប៖ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកែបនៅរសៀលថ្ងៃសុក្រទី០៤ ខែតុលា ឆ្នាំ២០២១នេះថា៖ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកស្រី ស ម៉ាលីដា នៅព្រឹកមិញនេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកែប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២១។
ក្នុងពិធីជួបសំណេះសំណាលនាឱកាសនោះ លោកអភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត តែងតែធ្វើការជួបជុំមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ និងឱកាសឆ្លងឆ្នាំសាកលជាដើម ដើម្បីជាការលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច និងជាការរឹតចំណង កិច្ចសហការ សាមគ្គីគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណមន្ត្រីរាជការសាលាខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ការសហការគ្នាល្អ ធ្វើអោយការងារទទួលបានលទ្ធផលល្អប្រសើរ ។ លោកអភិបាលខេត្ត ស្នើដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ បន្តនូវប្រពៃណីដ៏ល្អប្រពៃនេះតទៅ ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្ត របស់រារដ្ឋាភិបាលដែលបានដាក់ចេញ សំដៅបង្កើនជំនឿជឿជាក់លើការដឹកនាំ របស់រារដ្ឋាភិបាល មកលើប្រជាជន និងដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ លើកកំពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍខេត្តកែប អោយមានភាពរីកចម្រេីនតទៅទៀត។
នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកានឹងសម្ភារ ជាអនុស្សាវរីយ៍មួយចំនួនជូនដល់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តផងដែរ៕
ដោយ៖សហការី