សេចក្តីអំពាវនាវស្ដីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា

ចែករំលែក៖

ខេត្តសៀមរាប, សេចក្តីអំពាវនាវស្ដីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក លេខាធិការដា្ឋននៃអនុគណៈកម្មការ ស.ច.គ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងកាលៈទេសៈដែលខេត្តសៀមរាប បាន និងកំពុងស្ថិតក្រោមការពង្រឹង វិធានការបិទខ្ទប់ និងវិធានការរដ្ឋបាលនោះ ការងារពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏នៅតែត្រូវបានយកចិត្តទុក ដាក់ជាប្រចាំ តាមរយៈនៃការបន្តអនុវត្តវិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ លោក គី វីរិន្ទ បានបញ្ជាក់ថា, ក្នុងនាមលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិកាសុវត្ថិភាពចរាចរណ៍ខេត្តសៀមរាប និងក្នុងនាមខ្ញុំផ្ទាល់សូមធ្វើការកោតសរសើរដល់កងកម្លាំង នគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីលេខាធិការដ្ឋាន នៃមន្ទីរសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រីនៃមន្ទីរ ព័ត៌មានខេត្ត និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា រួមទាំងវិស័យឯកជន អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋ ដ៏ច្រើនលើសលប់ ដែលបានខិតខំ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ដែលបានញ៉ាំងឲ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានភាពល្អប្រសើជាងមុន បើប្រៀបធៀបឆ្នាំចាស់។

ប៉ុន្តែទោះជាមានការចូលរួមយ៉ាងនេះក៏ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប នៅតែ ជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រាំមួយខែដើមឆ្នាំ២០២១ (ឆមាសទី១) ក្នុងខេត្តសៀមរាប នៅតែជាបញ្ហាប្រឈម ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍មាន២៥ករណី ថយចុះ ០៥ករណី បើប្រៀបធៀប និងឆ្នាំ២០២០ និងមានអ្នកស្លាប់ថយចុះចំនួន ១២នាក់ របួសធ្ងន់ ១២នាក់ និង របួសស្រាល ០៤នាក់ ទោះជាមានការថយចុះ តែចំនួនអ្នកស្លាប់ និងរបួសនៅតែមានចំនួនច្រើន ដែលជាបញ្ហា ចំពោះគ្រួសារជនរងគ្រោះ និងសង្គមជាតិយើង។ ក្នុងន័យនេះ ក្នុងនាមប្រធានលេខាធិការដ្ឋាន នៃអនុគណៈ កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុនដឹកជញ្ជូនអ្នក ដំណើរ-ទំនិញ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ឲ្យមកត្រឹមកំរិតទាបបំផុត ជាពិសេសក្នុង ថ្ងៃឈប់សម្រាកខាងមុខនេះ ត្រូវអនុវត្តតាមខ្លឹមសារ ១២ចំណុចដូចខាងក្រោម៖

១- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត
២- ត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែគន្លឹះឲ្យបានត្រឹមត្រូវ

៣- ត្រូវគោរពសិទ្ធិអាទ្ធិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច

៤- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រូវពិនិត្យកង់ ចង្កូត ប្រាំង ភ្លើង បំភ្លឺ។ល។

៥- រថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសុំមេត្តាកុំដំឡើង ថ្លៃធ្វើដំណើរក្នុងឱកាសនេះ
៦- មិនត្រូវបើកបរលើសល្បឿនកំណត់ដោយច្បាប់

៧- មិនត្រូវបញ្ជាយានយន្តក្នុងស្ថានភាពងងុយដេកជាដាច់ខាត

៨- មិនត្រូវបញ្ជាយានយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀនជាដាច់ខាត
៩- មិនត្រូវបត់ ឬជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេង ដាច់ខាត

១០- ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់ និងអធ្យាស្រ័យគ្នា

១១- សូមកុំឈប់ ឬចតយានយន្តនៅតាមកន្លែងមានគំនូស ឬផ្លាកសញ្ញាហាម

១២- ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរត្រូវពាក់ម៉ាស់ មានជែល ឬអាល់កុល លាងដៃ និងឧបករណ៍វ៉ាស់ កំដៅមុនអនុញ្ញាតឲ្យអ្នកដំណើរចូលក្នុងរថយន្ត និងរក្សាគំលាតសុវត្ថិភាព តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងចូលរួមគោរពរអោយបានខ្ជាប់ខ្ជួន នូវវិធានការការពារកូវីដ-១៩.៣កុំ ៣ការពារ ជានិច្ច។

លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប សូមសំដែងនូវ សេចក្តីសង្ឃឹម និងជឿជាក់លើស្មារតីចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវ នេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ៕

...


.ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print