ភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញចូល រាជធានីភ្នំពេញឱ្យបានជ្រាបថា កន្លងមករាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាក ០៣ថ្ងៃ សម្រាប់ ពីធីបុណ្យភ្ជុំបិណ្ឌតាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករប្រចាំឆ្នាំ២០២១។ ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ០៣ថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចធ្វើដំណើរទៅជួបជុំ គ្រួសារ និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ដែលអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា ប្រឈម នឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩។
ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ក្នុង អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌពិសេសមេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវ និងលើក ទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត និងធ្វើដំណើរ កម្សាន្តតាមរមណីយដ្ឋាននានាឱ្យប្រើមធ្យោបាយធ្វើដំណើរឯកជន ដោយចៀសវាងការប្រើមធ្យោបាយធ្វើ ដំណើររួម ដែលងាយនឹងឆ្លងជំងឺកូវីដ-១៩។ ក្នុងករណីចៀសមិនផុតពីការប្រើមធ្យោបាយធ្វើដំណើររួមគ្នានោះ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរអំឡុងពេលឈប់សម្រាកនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ដាច់ខាតតាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារ របស់ សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទទួលបានសេចក្តីអំពាវនាវនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរចេញចូលរាជធានីភ្នំពេញនឹងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារ អាយុជីវិត និងសុខភាពរបស់ខ្លួន ហើយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្ដិឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា