សាធារណរដ្ឋកូរ៉េខាងត្បូង: នៅព្រឹកថ្ងៃទី៤ ខែតុលា លោកស្រី ជ្រឹង បុទុមរង្សី និងក្រុមគ្រួសារស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមរៀបចំជាចង្ហាន់ និងពាំនាំមកជាទេយ្យទាន ដើម្បីចាប់មគ្គផល ឧទ្ទិសកុសលផលបុណ្យឆ្លងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរជាមួយបងប្អូនខ្មែរយើងនៅវត្តខ្មែរ-កូរ៉េ ខេមរារាម ហៅវត្តគីមចង់។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរយើង ក៏ដូចជាបានពាំនាំយកពាក្យជូនពរ និងការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះកូនខ្មែរទាំងអស់ដែលរស់នៅ និងធ្វើការនៅទីនេះ ហើយក៏បានអំពាវនាវអោយបងប្អូនទាំងអស់ចូលរួមថែរក្សាសុវត្តិភាពពេលធ្វើដំណើរ ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងជៀសអោយឆ្ងាយពីជំងឺកូវីដ១៩។
សូមបញ្ជាក់ថាលោកស្រី ជ្រឹង បុទុមរង្សី បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូង , ពីស្ថានភាពជំងឺ កូវីដ១៩ នៅ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១៖
– អ្នកឆ្លងថ្មី ចំនួន ២១៩ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)
– ជាសះស្បើយ ចំនួន ៤៥៧ នាក់
-អ្នកស្លាប់ ចំនួន ២៣ នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃនេះ។
ដោយឡែក, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៦៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៣,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ, សិលា