ខេត្តព្រះសីហនុ៖ ការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់នៅតំបន់វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អាចនឹងជួបបញ្ហាខ្វះខាត នៅក្នុងអំឡុងចាប់ពីដើមខែមេសា នេះតទៅរហូតដល់រដូវវស្សាមានភ្លៀងធ្លាក់ ពីព្រោះស្ថានភាពទឹកស្អាតបច្ចុប្បន្ន។
លោកប្រាក់ ប្រាកដ ប្រធានមន្ទីរ ឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ បានបញ្ជាក់ថា បើតាមការពិនិត្យជាក់ស្ដែងឃើញថា ស្រះដែលជាអាងស្តុកទឹកស្អាតសម្រាប់ប្រើប្រាស់ របស់ក្រុមហ៊ុនទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់វាលរេញនោះ ត្រូវបានរីងស្ងួតបណ្ដើរៗស្ទើរតែដល់បាតស្រះទៅហើយ។ ដោយឡែក សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ស្រុកស្ទឹងហាវ និងទីប្រជុំជនក្រុងព្រះសីហនុ មិនមានបញ្ហាចោទទេ បើទោះជាឆ្នាំនេះអាកាសធាតុឡើងកម្ដៅខ្ពស់ ខុសប្លែកជាងបណ្ដាឆ្នាំមុនៗក៏ដោយ។
លោកប្រាក់ ប្រាកដ បានបន្តទៀតថា ការប្រឈមខ្លះទឹកស្អាតប្រើប្រាស់នៅតំបន់វាលរេញ ស្រុកព្រៃនប់ ដូចបានរៀបរាប់ខាងលើនេះ ថ្វីត្បិតតែវាមានភាពស្មុគស្មាញខ្លះៗក៏ដោយ ប៉ុន្តែវាមិនចោទ ជាបញ្ហានោះទេ គឺអាចដោះស្រាយបាន ពីព្រោះក្រុមហ៊ុនដែលទទួលផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់នោះ បានអះអាងថា បើអត់ទឹកស្រះ ឬទឹកស្រះរីងស្ងួត ក្រុមហ៊ុននឹងយករថយន្តដឹកទឹកចំនួន២គ្រឿង ទៅ បូមទឹកពីរអណ្តូង នៅក្បែរវត្តថ្មដា ដឹកយកមកចែកចាយ ទៅតាមផ្ទះផ្ទាល់តែម្តង ហើយតម្លៃទឹកគិតជាធម្មតា មិនមានការឡើងថ្លៃនោះទេ គឺទឹកក្នុងមួយម៉ែត្រគូប តម្លៃ២០០០ រៀល។
នៅចំពោះមុខ ដើម្បីចៀសវាង ការខ្វះទឹកស្អាតប្រើប្រាស់នៅឆ្នាំក្រោយៗទៀត លោកប្រាក់ ប្រាកដ បានបញ្ជាក់ថា មន្ត្រីរបស់លោក បានចុះទៅណែនាំដល់ក្រុមហ៊ុន ផ្គត់ផ្គង់ទឹកស្អាតក្នុង តំបន់ វាលរេញឲ្យធ្វើការស្តារស្រះ និងជីកស្រះបន្ថែមឲ្យបានធំ សម្រាប់ស្តុកទឹកភ្លៀង ក្នុងរដូវវស្សា ដែលអាចធានាបានថា នៅឆ្នាំក្រោយៗទៀតទឹកស្អាតប្រើប្រាស់មិនមានការខ្វះខាតទៀតទេ។
ជាមួយគ្នានេះ លោកទិត្យ វុទ្ធី អភិបាលស្រុកព្រៃនប់ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំ ឲ្យតែដល់ខែមេសា ទឹកស្អាតប្រើប្រាស់នៅតំបន់វាលរេញនេះ តែងជួបបញ្ហាខ្វះខាតរហូត ធ្វើឲ្យប្រជាពលរដ្ឋ ដែលទទួលការប្រើប្រាស់ទឹកមានការលំបាកខ្លាំង។ ប៉ុន្តែការលំបាកក្នុងឆ្នាំកន្លង មកនោះ វាមិនមានរយៈពេលយូរអង្វែងនោះទេ គឺខ្វះទឹចាប់ពីរ១៥ថ្ងៃទៅ២០ថ្ងៃតែប៉ុណ្ណោះ ហើយនឹងមានទឹកប្រើប្រាស់វិញនៅពេលដែលមានភ្លៀងធ្លាក់កក់ខែមួយមេឬពីរមេ។
លោក ទិត្យ វុទ្ធី បានបន្ត ទៀតថា សម្រាប់ឆ្នាំនេះ បើសិនជាការខ្វះខាត ទឹករយៈពេលយូរ ក៏មិនមានបញ្ហាចោទ ដូចឆ្នាំកន្លងទៅដែរ ពីព្រោះក្រុមហ៊ុន ផ្គត់ផ្គង់ទឹកស្អាតបានធ្វើការសន្យាថា នឹងយករថយន្តចំនួនពីរគ្រឿងដឹកទឹក ដើរចែកចាយទៅតាមផ្ទះផ្ទាល់តែម្តង មិនឲ្យបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតមានការលំបាក ដូច មុនៗទេ ៕
ដោយ៖ វិបុល