បងប្អូនអាជីវករដែលបានជម្លៀសចេញពីផ្សារសាមគ្គី,ប៉ាហ៉ី(ផ្សារជាងអូន) ទៅលក់ដូរកន្លែងថ្មីខាងលិចស្ពានអូរតាពុក ពេលនេះត្រូវបានរុះរើដោយខ្លួនឯងមកលក់ដូរនៅកន្លែងផ្សារចាស់វិញហើយ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ អាជីវករផ្សារសាមគ្គី ហៅប៉ាហ៊ី និងផ្សារថ្មីប៉ាហ៊ីជើង ហៅផ្សារជាងអូន ដែលរដ្ឋបាលក្រុងប៉ៃលិន បានជម្លៀសឱ្យទៅលក់ដូរនៅកន្លែងថ្មី ជាបណ្តោះអាសន្ន ត្រង់ចំណុចដីមានម្ចាស់ឈ្មោះ សាចំរើន ហៅអឿង ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន អស់រយ:ពេលជិត២ខែ ដោយ សារតែបញ្ហាការឆ្លងជំងឺកូវីដ ១៩ នៅក្នុងផ្សារនេះ ។

ទើបរហូតមកដល់ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ អាជីវករទាំងអស់នោះ បានរដ្ឋបាលក្រុងអនុញ្ញាតឱ្យនាំគ្នារើឥវ៉ាន់ ចូលទៅដាក់លក់ដូរនៅកន្លែងដើមវិញហើយ ក្រោយពីពួកគាត់ បានរៀបចំបោសសំអាតតូប ឱ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ ។

ប្រភពព័ត៌មានពីអាជីវករម្នាក់ ឈ្មោះ សុខា ភេទស្រី តំណាងឱ្យអាជីវករទាំងអស់ខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ ពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋបាលក្រុងប៉ៃលិន បានអនុញ្ញាតឱ្យចូលទៅលក់ដូរនៅក្នុងផ្សារសាមគ្គី និងផ្សារថ្មីប៉ាហ៊ីជើង ក្រោយពីបានរៀបចំសណ្តា ប់ធ្នាប់ឱ្យល្អជាងមុន និងធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងអនុវត្តតាមវិ ធានការនានារបស់ក្រសួងសុខាភិបាល ដោយលាងដៃនឹងទឹកអាល់កុល ឬជែល ពាក់ម៉ាសជាប់ជានិច្ចពេលលក់ដូរ ដើម្បីទប់ស្កាត់ការបន្តឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

គាត់បញ្ជាក់ទៀតថា ការលក់ដូរនៅកន្លែងថ្មី ពិតជាមានការលំបាកបន្តិច ដោយសារតែពេលភ្លៀងជោកជាំ បណ្តាលឱ្យផ្លូវចូលផ្សារ ក្លាយទៅជាដីភក់ លំបាកចេញចូល មិនសូវមានអាជីវករចូលទិញ ណាមួយគាត់បានបាត់ម៉ូយអស់ពាក់កណ្តាល ព្រោះអ្នកដែលធ្លាប់ទិញបន្លែ ត្រី សាច់ នៅតូបរបស់ខ្លួន បែកទៅទិញកន្លែងផ្សេងៗ ។ ពួកគាត់ក៏សូមថ្លែងអំណរគុណដល់ខាងរដ្ឋបាលក្រុងប៉ៃលិន បានអនុញ្ញាតឱ្យពួកគាត់ចូលទៅរៀបចំលក់ដូរនៅកន្លែងដើមវិញ ។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍ឱ្យភ្នាក់ងារសារព័ត៌មានដឹងថា ៖ ក្រោយពីរដ្ឋបាលក្រុងប៉ៃលិន បានជម្លៀសអាជីវករមួយចំនួនទៅលក់ដូរនៅលើដីឯកជនមួយកន្លែងនៅខាងលិចស្ពានអូរតាពុក ក្នុងក្រុងប៉ៃលិន កាលពីជាង១ខែមុន រហូតមកដល់ពេលនេះ ដោយសារសភាពជំងឺកូវីដ ១៩ មានការថមថយ ធូរស្បើយឡើងវិញ ទើបខាងលោក បើកផ្សារសាមគ្គី និងផ្សារថ្មីប៉ាហ៊ីជើង ឱ្យអាជីវករចូលទៅលក់ដូរ តែក៏មិនភ្លេចអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ ៕ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print