ភ្នំពេញ,សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ថ្ងៃទី ៦តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។ ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក៏សូមអរគុណដល់បងប្អូនជនរួមជាតិដែលដែលបាននាំយកនូវបច្ច័យទ័យ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដោយអនុវត្តន៍ទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ចំពោះបងប្អូនដែលទៅកំសាន្តនៅទីរមណីយដ្ឋាននានា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូ ចិលឬអាល់កុលអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
សម្តេចតេជោ សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយគ្រប់ទីកន្លែង មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕
ដោយ, សុខ ខេមរា