ភ្នំពេញ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា, ការប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ផ្សេងៗដើម្បីកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ។
លោករដ្ឋមន្ត្រីបានថ្លែងថា, ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ យើងខ្ញុំសូមប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលសម្តេចតេជោ បានបញ្ជាឱ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ ឲ្យធ្វើការសិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
លោករដ្ឋមន្ត្រីបន្តថា, គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង៤របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា, ធ្វើការដឹកនាំប្រទេសដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពី ខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា៕
ដោយ, សិលា