ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន: ទើបបង្កើតថ្មី ប្រើកម្មករកាប់ដើមអាកាស្យា មុខកន្លែងរបស់ខ្លួន គ្មានការសុំច្បាប់ ត្រូវរដ្ឋបាលព្រៃឈើផាកពិន័យ៧លានរៀល

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:មួយកន្លែង បានប្រើកម្មករកាប់រំលំដើមឈើ (អាកាស្យា) ចំនួន២ដើម នៅក្បែរចិញ្ចើមផ្លូវ ខាងមុខស្ថានីយ៍របស់ខ្លួន ដែលអាជ្ញាធរខេត្តខិតខំដាំ ថែទាំរហូតដល់ធំ សម្រាប់ជាម្លប់ និងលម្អតាមដងផ្លូវសាធារណ: លុះនាំគ្នាកាប់មិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន ត្រូវបានខាងជំនាញរដ្ឋបាលព្រៃឈើធ្វើការផាកពិន័យចំនួន៧លានរៀល និងឱ្យដាំសារជាថ្មីឡើងវិញ ។

ទើបរហូតមកដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ គណ:កម្មការស្រុក ដឹកនាំដោយលោក សំ សារ៉ែត អភិបាលស្រុកសាលាក្រៅ បានចុះសម្របសម្រួល និងដោះស្រាយបញ្ហាខាងលើ ។

បើតាមប្រភពព័ត៌មានពីលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះថា ៖ ពាក់ព័ន្ធនឹងការកាប់ដើមឈើ ដែលអាជ្ញាធរខេត្ត បានដាំនៅលើដងផ្លូវ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាកាប់ ដោយគ្មានច្បាប់អនុញ្ញាត ក៏មានសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះ តាមពិតទៅដើមឈើទាំងអស់នោះ កើតឡើងដោយសារតែការអភិវឌ្ឍ ស្នាឲ្យដៃដ៏ធំធេងរបស់ឯកឧត្តម អ៊ី ឈាន ដែលលោកបានបង្កើតបានជាផ្លូវ ហើយដាំដើមឈើ ទុកឱ្យប្រជាពលរដ្ឋថែ ដើម្បីបង្កើតបានជាអនុស្សាវរីយ៍ ពេលឯកឧត្តមឡើងកាន់ជាអភិបាលខេត្តប៉ៃលិន ដើម្បីលំអដងផ្លូវសាធារណ: មិនមែនចេះតែដុះខ្លួនឯងនោះទេ ។

លោកបន្តទៀតថា÷ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:ដែលលួចកាប់ដើមឈើនេះ មិនបានជម្រាប ឬសុំច្បាប់ទៅ អាជ្ញាធរមូលដ្ឋាននោះឡើយ ដោយពីមុនធ្លាប់ទៅសុំខាងស្រុកម្តងពីបញ្ហាកាប់ដើមឈើចំនួន៥ដើម ដើម្បីមានផ្លូវចូលទៅក្នុងស្ថានីយ៍ប្រេងរបស់ខ្លួន ។ តែមិនអនុញ្ញាតឱ្យគាត់កាប់នោះឡើយ ទាល់តែ សុំច្បាប់ទៅខាងផ្នែករដ្ឋបាលព្រៃឈើ ហើយក៏បានប្រាប់ឱ្យគាត់ស្តាប់តាមអាជ្ញាធរស្រុកខេត្ត ដើម្បី ឱ្យគណ:កម្មការចំរុះ ដែលគ្រប់គ្រងសម្បត្តិរដ្ឋ ចុះទៅវាយតម្លៃលើការប៉ះពាល់ ឬខូចខាតនៅកន្លែង របស់ខ្លួន ។

លោកបញ្ជាក់ទៀតថា÷ការកាប់ដើមឈើនេះ មិនមែន២ដើមនោះទេ គឺលួចកាប់រហូតដល់ទៅ៤ដើមរួមមកហើយ ដោយជាក់ស្តែង ខណ:ដែលគាត់បន្តកាប់ពីរដើមទៀត គឺលួចកាត់ ដោយខាងអាជ្ញាធរតាមទាន់ ព្រោះកន្លែងចូលទៅក្នុងស្ថានីយ៍របស់គាត់ អត់មានផ្លូវនោះទេ ។ ការ កាប់ដើមឈើដែល អាជ្ញាធរខេត្ត បានដាំនៅក្បែរចិញ្ចើមផ្លូវនេះ ទោះបីជារស់ ឬងាប់ក៏ដោយមិនអាចប្រជាពលរដ្ឋ កាប់ដោយខ្លួនឯងបានឡើយ ។ ម្យ៉ាងវិញទៀត ដើមឈើទាំងនេះ មិនមែនងាប់ នោះទេ គឺនៅស្រស់ញញឹមតែម្តង ដោយគាត់ឱ្យគេកាប់ទាំងបំពានតែម្តង ។

ម្យ៉ាងវិញទៀត រឿងនេះមើលទៅតូចតាចទេ បើសិនជាអ្នកដែលលួចកាប់ដើមឈើខាងលើនេះហើយ ហ៊ានសុំទោស ទទួលយកការផាកពិន័យតិចតួចពីខាងរដ្ឋបាលព្រៃឈើនោះជាការស្រេច ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកពិន័យចំពោះប្រជាពលរដ្ឋ ដែលលួចកាប់ព្រៃឈើ ដែលអាជ្ញាធរខេត្ត ខិតខំដាំលំអនៅលើចិញ្ចើមផ្លូវសាធារណ:ទៅតាមផ្លូវច្បាប់ ហើយនឹងហៅម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:ខាងលើទៅជួបសួរនាំបន្ថែម ។ តែបើចរចាគ្នាមិនត្រូវទេ ពោលគឺម្ចាស់កន្លែងខាងលើ មិនព្រមបង់ថ្លៃផាកពិន័យ ខាងលោកនឹងរៀបចំសំនុំរឿងបញ្ជូនទៅតុលាការ ៕ដោយ ស សារ៉េត

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print